លោក ម៉ឹង មករា និងលោក ប៉ែន សំអាត ទទួលបានការតែងតាំងមុខដំណែងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៦៣៧ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោក ម៉ឺង មករា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាកូនប្រុសបង្កើតនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ជាកូនប្រសារឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក ម៉ឺង មករា ក៏ជាដន្លងជាមួយអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប។
ចំណែកលោក ប៉ែន សំអាត ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ដែលជាបញ្ញវន្តមានចំណេះដឹងជ្រៅជ្រះ អតីតប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្លាប់ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៨/៩២៣ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៨ ។
លោកទទួលបានការតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៩៩៩អនក្រ.តត ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ ។ លោកក៏៏ជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋលេខាធិការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។
លោក ប៉ែន សំអាត ជាដន្លងជាមួយលោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជារដ្ឋលេខាធិការក្រសួងបរិស្ថាន៕