រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញវិធានការជាកញ្ចប់ ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យម និងវែង សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។ លិខិតលេខ ៣៥៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា វិធានការជាកញ្ចប់នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹមនិយមន័យ និងវិសាលភាពនៃគម្រោងវិនិយោគជាប់គាំងចាប់ពីឆ្នាំ២០១៦ មក ក្នុងខេត្តព្រះសីហនុ។
បើតាមលិខិតដដែល រដ្ឋបានកំណត់នូវនិយមន័យពាក្យ «គម្រោងវិនិយោគជាប់គាំង» សំដៅលើគម្រោងវិនិយោគសាងសង់នានា ជាអាទិ៍ សណ្ឋាគារ មជ្ឈមណ្ឌល ពាណិជ្ជកម្ម អគារស្នាក់នៅរួម មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និង កាស៊ីណូ ជាដើម ដែលបានសាងសង់ ហើយបានផ្អាក ឬ ពន្យារ ឬ បញ្ឈប់ការសាងសង់ និង/ ឬ ពុំមានសកម្មភាពវិនិយោគ ឬ ធុរកិច្ច ក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០១៦។
ជាមួយគ្នានោះ រដ្ឋាភិបាល បានដាក់ចេញវិធានការទូទៅសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងមានដូចជា៖ ការកំណត់អត្តសញ្ញាណ កំណត់តំបន់ សិក្សា និងវិភាគ បង្កើតកម្មវិធីផ្សព្វផ្សាយ និងលើកកម្ពស់ គាំទ្រ ពិនិត្យលទ្ធភាពថវិកា និងជំរុញយន្តការដោះស្រាយគម្រោងវិនិយោគជាប់គាំង។
បន្ថែមពីនេះ ចំពោះវិធានការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគជាប់គាំងវិញ រដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តសារពើពន្ធ និងមិនមែនសារពើពន្ធ ជូនតាមប្រភេទក្រុមគម្រោងដែលបានបែងចែកជា ៤ក្រុម ដូចជា៖ ក្រុម១ សំដៅលើគម្រោងសាលារៀន,មន្ទីរពេទ្យ ហាងទំនិញរួចពន្ធ, ផ្ទះ សម្រាប់អ្នកចូលនិវត្តន៍, លំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងផ្សេងទៀតដែលមានសក្តានុពលខ្ពស់សម្រាប់សេដ្ឋកិច្ច។ ក្រុម ២ សំដៅលើសកម្មភាពវិនិយោគ ដែលស្ថិតក្រោមច្បាប់ស្តីពីវិនិយោគកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិនានាជាធរមាន។ ក្រុម ៣ សំដៅលើសកម្មភាពធុរកិច្ច ជាអាទិ៍ ផ្ទះសំណាក់, សំណង់លំនៅដ្ឋាន ដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគកម្ពុជា និងក្រុម ៤ សំដៅលើសកម្មភាពមូលនិធិនៃគម្រោងវិនិយោគរួម និង/ ឬ បរធនបាលកិច្ច ស្របតាមច្បាប់ និងបទប្បញ្ញាតិជាធរមាន។
ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា លក្ខខណ្ឌនៃការលើទឹកចិត្តចំពោះគម្រោងទាំង ៤ប្រភេទ ត្រូវអនុលោមតាមលក្ខខណ្ឌ ដែលត្រូវបានអនុញ្ញាតឱ្យនាំចូលនូវសម្ភារសាងសង់ បរិក្ខារសំណង់ និង សម្ភារះបរិក្ខារផលិតកម្ម ដោយពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ បន្ទាប់ពីមានលិខិតអនុញ្ញាតសាងសង់ និងការវាយ- តម្លៃលើតម្រូវការជាក់ស្តែងត្រូវដាក់ទុនវិនិយោគដើម្បីបញ្ចប់ការសាងសង់ និង/ ឬ ការកែលម្អ ឱ្យហើយរួចរាល់ក្នុងរយៈពេល ២ឆ្នាំទទួលបានការលើកទឹកចិត្តពន្ធដារ បន្ទាប់ពីអគារត្រូវបានសាងសង់បញ្ចប់ និង/ ឬ កែលម្អ៕