នាយឧត្តមសេនីយ៍ ផ្កាយមាសបួន ម៉ែន សំអន ជាស្រ្តី ទីមួយកាន់តំណែង​ឧបនាយករដ្ឋមន្រ្តី និងមានគោរមងារសម្តេច

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «សម្តេចកិត្តិសង្គហបណ្ឌិត» ជូនដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៦១៤ កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានជន្មាយុ ៧០ឆ្នាំ មានស្រុកកំណើតនៅខេត្ត ក្រចេះ លោកជំទាវ ម៉ែន សំអន ជាអ្នកនយោបាយស្រ្តីមួយរួបដ៏មានសក្ដានុពលក្នុងឆាកនយោបាយប្រទេសកម្ពុជា ដែលបច្ចុប្បន្នកាន់ដំណែងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងចំណោមឥស្សរជនអនុប្រធានចំនួន ៤រូប គឺសម្តេចក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

បច្ចុប្បន្នលោកជំទាវ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង។

នៅក្នុងជួររាជរដ្ឋាភិបាល លោកជំទាវ ម៉ែន សំអន ជា មេដឹកនាំ ស្រ្តី ដ៏ឆ្នើមមួយរូប ក្នុងចំណោមស្រ្តីថ្នាក់ដឹកនាំ ៣ រូបកំពុងដឹកនាំក្រសួងក្នុងតួនាទី ជារដ្ឋមន្រ្តី ក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។

ស្វាមីរបស់លោកជំទាវ គឺ លោក ប៉េង ប៉ាត់ អតីតសមាជិក ព្រឹទ្ធ សភា មកពី គណបក្សប្រជាជន កម្ពុជា និង ជា សមាជិក គណៈកម្មការ មហាផ្ទៃការពារជាតិ ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ។

លោក ជំទាវ មានកូនប្រុសពីរនាក់ កំពុងកាន់តំណែងក្នុងជួររដ្ឋាភិបាល គឺលោក ប៉េង ពោធិ៍សា ដែលទើបទទួល បានការតែងតាំង ជា អភិបាលរង ខេត្ត ស្វាយរៀង និង លោក ប៉េង ពោធិ៍នា កំពុងកាន់តួនាទី ជា រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន។

លោកជំទាវ ម៉ែន សំអន ជា នាយទាហានជាន់ខ្ពស់នៃកងយោធពល ខេមរភូមិន្ទ ក្រសួងការពារជាតិមាន ឋាន ន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ( ផ្កាយ ៣ )។ នៅ ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០០៨ ទទួលបាន ការដំឡើង ឋានន្តរស័ក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ ផ្កាយមាសបួន។ លោកជំទាវបានចូលបម្រើកងទ័ពនៅឆ្នាំ ១៩៧០ ក្នុងសម័យសាធារណរដ្ឋខ្មែរ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយចាប់ផ្តើមអាជីពជាគិលានុបដ្ឋាយិកាយោធា។

នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៨ លោកជំទាវ ម៉ែន សំអន ទទួលបាន គោរមងារ កិត្តិយស ពី រាជបណ្ឌិតសភា កម្ពុជាជា « កិត្តិសង្គហបណ្ឌិត »។ ក្រៅពីជាអ្នកនយោបាយ និងកាន់តំណែងជាន់ខ្ពស់ហើយនោះ លោកជំទាវ ក៏ជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។

លោកជំទាវ ម៉ែន សំអន បានបង្ហាញទស្សនៈថា៖ ស្ត្រី គឺជាត្បូងដ៏មានតម្លៃសម្រាប់គ្រួសារ ហើយតួអង្គស្ត្រី គឺមិនអាចខ្វះបាន ព្រោះស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ៕