ប្រទេសឥណ្ឌូណេស៊ី នឹងស្នើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានកម្រិតជាមួយអាមេរិក ជុំវិញការនាំចេញធនធានរ៉ែសំខាន់ៗ ដើម្បីឲ្យក្រុមហ៊ុននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស អាចទទួលបានអត្ថប្រយោជន៍ពីឥណទានពន្ធរបស់សហរដ្ឋអាមេរិក។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា រដ្ឋាភិបាល Washington កំពុងដាក់ចេញនូវវិធានការក្នុងការទារឥណទានពន្ធពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្រោមច្បាប់កាត់បន្ថយអតិផរណា ហៅកាត់ IRA ដោយទាមទារតម្លៃជាក់លាក់ពីសមាសធាតុថ្មដែលត្រូវផលិត ឬប្រមូលផ្តុំនៅអាមេរិកខាងជើង ឬដៃគូពាណិជ្ជកម្មសេរី។
គួររំលឹកដែរថា ឥណ្ឌូណេស៊ីមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាមេរិកឡើយ ប៉ុន្តែធនធានរ៉ែនីកែលរបស់ពួកគេ កំពុងត្រូវប៉ាន់ខ្លាំង ដោយសារវាជាគ្រឿងបង្គុំសំខាន់ក្នុងការផលិតរថយន្តអគ្គិសនី ស្របពេលវិស័យមួយនេះកំពុងមានសន្ទុះគួរឲ្យកត់សម្គាល់។
សូមជម្រាបបន្ថែមថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបាននឹងកំពុងព្យាយាមបង្កើនទុនបម្រុងនីកែលរបស់ខ្លួន ដែលជាទុនបំរុងដ៏ធំបំផុតរបស់ពិភពលោក ដើម្បីទាក់ទាញការវិនិយោគពីក្រុមហ៊ុនផលិតអាគុយ និង EV រួមទាំងក្រុមហ៊ុនអាមេរិកដូចជា Tesla និង Ford ជាដើម៕