បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលបង្ហាញការពិតពីកម្ពុជា ជាមួយអត្ថន័យដ៏ជ្រាលជ្រៅពិរោះរណ្ដំបានចេញ Full MV ហើយនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ។ បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតឡើងសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ ២០២៣នេះ។
បទចម្រៀងដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនមួយនេះ ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្តម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់។
ជាមួយគ្នានេះដែរ បទចម្រៀងនេះ ត្រូវបានបកស្រាយរួមគ្នាពីកំពូលតារាចម្រៀង ៤ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ដោយមាននារីរាំអមជិត ១ពាន់នាក់អម។
បទចម្រៀងមួយបទនេះ ត្រូវបានផលិតជា MV ទ្រង់ទ្រាយធំ ដោយក្រៅពីអត្ថន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ នៅក្នុងវីដេអូបទនេះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាធ្វើឱ្យផ្ទុះការកោតសរសើរយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃចេញវីដេអូខ្លីៗជាលើកដំបូង។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានស៊ែរដោយផេករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មិនតែប៉ុណ្ណោះក៏ឃើញមានការស៊ែរចែករំលែកដោយឯកឧត្តម ហ៊ុន ម៉ានី រួមទាំងក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងនានាជាច្រើនផងដែរ។
ជាងនេះទៅទៀត កន្លងមក បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ក៏ត្រូវបាន Youtuber ថៃដ៏ល្បីមួយរូបយកទៅធ្វើ Reaction កោតសរសើរមិនដាច់ពីមាត់។ មិនតែប៉ុណ្ណោះបទនេះ ក៏ត្រូវបានសិស្សសាលានៅស្ទើរទូទាំងប្រទេសយកទៅហាត់រាំត្រៀមសម្រាប់ថ្ងៃចូលឆ្នាំថ្មី ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើល គឺ ចម្រៀងមួយបទនេះ ក៏ត្រូវបានជនបរទេសមួយចំនួនក៏លើកយកមកធ្វើ Reaction និងរាំតាមចង្វាក់ភ្លេងដែលរំលេចពីជ្រុងផ្នែកខ្លះនៃវប្បធម៌ សម្តែងការកោតសរសើរចំពោះស្នាដៃផលិត ពិសេសសមទ្ធផលដ៏អស្ចារ្យរបស់កម្ពុជា។
អ្វីដែលកាន់តែធ្វើមានភាពរឹតតែល្បីរន្ទឺនោះ គឺបទចម្រៀងមួយនេះ ល្បីដល់សារព័ត៌មានបរទេស យកទៅចុះផ្សាយសរសើរកម្ពុជា មិនដាច់ពីមាត់។ ក្នុងនោះ គេហទំព័រ news.detik.com ធ្វើការកោតសរសើរពីប្រទេសកម្ពុជា ដែលកំពុងទទួលបានសុខសន្តភាពពេញលេញ សិទ្ធិសេរីភាព និងការអភិវឌ្ឍ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
សូមបញ្ជាក់ផងដែរថា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត៕