កិច្ចប្រជុំដ៏ធំមួយ រវាងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នឹងត្រូវចាប់ផ្តើមដំណើរការ នៅចុងសប្តាហ៍នេះហើយ ជាមួយនឹងកំណែទម្រង់ប្រកបដោយមហិច្ឆតា រួមជាមួយរបៀបវារ:មួយចំនួន ទៅលើការរៃអង្គាសថវិកា ដើម្បីទប់ទល់ទៅនឹងការកើនឡើងអតិផរណាខ្ពស់ ក៏ដូចជាការកើនឡើងភាពតានតឹងលើភូមិសាស្រ្តនយោបាយ និងស្ថិរភាពហិរញ្ញវត្ថុ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បាននិយាយ នៅក្នុងសុន្ទរកថាមួយ កាលពីសប្តាហ៍មុនថា ៖ “ កំណើនសេដ្ឋកិច្ចពិភពលោក នៅតែមានភាពទន់ខ្សោយជាប្រវត្តិសាស្រ្តនៅពេលនេះ និងក្នុងរយ:ពេលមធ្យមទៅមុខទៀត ” ។
មិនតែប៉ុណ្ណោះ IMF ក៏បានព្យាករផងដែរថា កំណើនសេដ្ឋកិច្ចពិភពលោក អាចនឹងធ្លាក់ចុះក្រោម ៣% នៅឆ្នាំ ២០២៣ នេះ ហើយនឹងនៅតែស្ថិតនៅក្នុងកម្រិតជិត ៣% សម្រាប់ពាក់កណ្តាលទសវត្សរ៍ខាងមុខ ផងដែរ ។
លើសពីនេះ លោកស្រីបាននិយាយទៀតថា ជិត ៩០% នៃសេដ្ឋកិច្ចប្រទេសជឿនលឿនរបស់ពិភពលោក នឹងជួបប្រទះកំណើនយឺត នៅឆ្នាំនេះ ខណ:ពេលដែលប្រទេសដែលកំពុងរីកចម្រើននៅអាស៊ី ត្រូវបានរំពឹងថា នឹងមានការកើនឡើងខ្លាំងនៃទិន្នផលសេដ្ឋកិច្ចរបស់ពួកគេ ដោយទាំងឥណ្ឌា និងចិន សុទ្ធសឹងតែព្យាករថា ប្រទេសរបស់ខ្លួន នឹងមានកំណើនពាក់កណ្តាលដូចគ្នា។
ប៉ុន្តែទន្ទឹមនឹងនេះ ប្រទេសដែលមានប្រាក់ចំណូលទាប ត្រូវបានរំពឹងថា នឹងទទួលរងនូវវិបត្តិទ្វេដង ពីការចំណាយលើអត្រាការប្រាក់កម្ចីខ្ពស់ រួមទាំងការធ្លាក់ចុះនៃតម្រូវការ សម្រាប់ការនាំចេញរបស់ពួកគេ ស្របពេលលោកស្រី Georgieva បានបន្ថែមទៀតថា បញ្ហាទាំងនេះ អាចនឹងជំរុញឱ្យមានភាពក្រីក្រ និងភាពអត់ឃ្លានកើនឡើង ។
គួរឱ្យដឹងផងដែរថា សម្រាប់កិច្ចប្រជុំរវាងធនាគារពិភពលោក និង IMF នៅឆ្នាំនេះ ក៏នឹងមានបំណងលើកឡើងអំពីបញ្ហានានា ជុំវិញការប្រយុទ្ធប្រឆាំងទៅនឹងអតិផរណាខ្ពស់ ក៏ដូចជាការព្រួយបារម្ភជាបន្តបន្ទាប់ទៅលើភាពប្រេះស្រាំ នៃវិស័យធនាគារ បន្ទាប់ពីការដួលរលំ នៃធនាគារ Silicon Valley ផងដែរ ។
ជាងនេះទៅទៀត នៅមុនដល់កិច្ចប្រជុំនេះ IMF និងធនាគារពិភពលោក ក៏បានអំពាវនាវឱ្យប្រទេសអ្នកមាន ជួយផ្តល់ទឹកប្រាក់ ១,៦ពាន់លានដុល្លារ ទៅកាន់កន្លែងផ្តល់ប្រាក់កម្ចីសម្បទាន សម្រាប់ប្រទេសមានប្រាក់ចំណូលទាប ដែលទទួលរងគ្រោះដោយសារតែការប្រើប្រាស់ប្រាក់ចំណាយយ៉ាងច្រើន ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ- ១៩ ផងដែរ ៕