សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យជួបជុំទ្រង់ទ្រាយធំម្តងទៀត ជាមួយម្ចាស់សហគ្រាសធុនតូច មធ្យមនិងសិប្បកម្ម

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលល្ងាចថ្ងៃទី១០ ខែមេសាម្សិលមិញ ជួបសំណេះសំណាល និងពិសារ​អាហារ​​សាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ច​នៅកម្ពុជា ប្រមាណ ៥ពាន់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះ​ពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជំនួបនៅថ្ងៃនេះ គឺជាការជួបទ្រង់ទ្រាយធំលើកទី១ របស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។ សម្តេចតេជោក៏បានលើកទឹកចិត្តឱ្យមានជួបបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀត ក្នុងផ្លាស់ប្តូរទស្សនៈ និងយោបល់នានា ដើម្បីអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្មនៅកម្ពុជា។

បើតាមសម្តេចតេជោ បច្ចុប្បន្ន កម្ពុជាមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ៧០ម៉ឺនមូលដ្ឋាន ស្មើនឹងជាង ៩០% ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ ម៉ឺនមូលដ្ឋាន ស្មើនឹងប្រមាណ ៧% ហើយប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០% ក្នុងនោះរោងចក្រធុនធំមានប្រមាណជិត ២ពាន់មូលដ្ឋាន ។

សម្តេចតេជោមានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យម បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មិនតែប៉ុណ្ណោះវិស័យសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិផងដែរ។ សម្តេចតេជោគូសបញ្ជាក់ថា ក្នុងចំណោមយុវជនគោលដៅ១លាន ៥សែននាក់ ដែលនឹងត្រូវជ្រើសរើសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អាចនឹងយកពីវិស័យសហគ្រាសធុនតូច និងមធ្យមប្រមាណ ១លាននាក់»។

សម្តេចតេជោបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបាន និងកំពុងខិតខំលើកកម្ពស់ ប្រសិទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធថ្នាលជាតិចុះបញ្ជីអាជីវកម្មតាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធដារតាមអនឡាញជាដើម។

ដើម្បីរួមចំណែកដល់ការបង្កើនសម្ទុះនៃការអភិវឌ្ឍសហ-គ្រាសធុនតូចនិងមធ្យម ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច ឱ្យកាន់តែប្រសើរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៥ គឺ

១-លើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាពពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន និងបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នខិតខំបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ ក៏ដូចជាការកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ច សំដៅជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា។

២-ក្រសួងឧស្សាហកម្ម ត្រូវសហការជាមួយក្រសួងពាណិជ្ជកម្ម សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល ដើម្បីបង្កើនប្រសិទ្ធភាពនិងភាពធន់នៃធុរកិច្ច។

៣-ក្រសួងឧស្សាហកម្ម ត្រូវសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមពាក់ព័ន្ធសិក្សាវាយតម្លៃសេចក្តីត្រូវការជំនាញ ដើម្បីអភិវឌ្ឍជំនាញស្របតាមតម្រូវការជាក់ស្តែង និងដោះស្រាយបញ្ហាកង្វះជំនាញដែលសហគ្រាសធុនតូច និងមធ្យមបាននិងកំពុងជួបប្រទះ។

៤-ក្រសួងពាណិជ្ជកម្មត្រូវដឹកនាំសម្របសម្រួលបង្កើតក្រុមការងារបច្ចេកទេសអន្ដរក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មសំដៅកាត់បន្ថយថ្លៃ នៃការធ្វើពាណិជ្ជកម្ម ជំរុញការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម ទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងជំរុញការពង្រីកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយ។

៥-គ្រប់ក្រសួង-ស្ថាប័ន រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង-ស្ថាប័ន រៀងៗខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនធុរជន វិនិយោគិន និងប្រជាជនទូទៅក៏ដូចជាការរួមចំណែកដល់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល៕