កសិកធ្វើស្រែប្រាំងសម្តែងការពេញចិត្តពេលតម្លៃស្រូវបន្តលក់បានថ្លៃខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

ស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងខេត្តតាកែវ ក្នុងឆ្នាំ២០២៣នេះរក្សាបានតម្លៃមួយខ្ពស់និងមានរយៈពេលវែងជាងឆ្នាំ២០២២ ជាហេតុធ្វើឱ្យកសិករភាគច្រើននៅក្នុងតំបន់ ពួកគាត់មានការសប្បាយចិត្តនិងទទួលយកតម្លៃស្រូវនៅលើទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមកសិករ ញ៉េប ភន រស់នៅភូមិព្រៃភ្លងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានឱ្យដឹងថា ការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំ មិនទាន់បានធ្វើឡើងជាទូទៅទាំងអស់នោះទេ ទើបតែចាប់ផ្តើមសម្រាប់អ្នកដែលបានសាបព្រោះមុនជំនន់ទឹកភ្លៀងឡើងលេចនៅតាមតំបន់ ។

លោក ញ៉េប ភន បន្តថា «សម្រាប់ខ្ញុំទើបតែប្រមូលផលស្រូវប្រាំង ប្រភេទOMបានមួយហិកតា ហើយលក់បានថ្លៃ៩២០រៀលក្នុងមួយគីឡូក្រាម។តម្លៃស្រូវប្រំាងនៅឆ្នាំ២០២៣នេះបើប្រៀបធៀបទៅនិងឆ្នាំ២០២២កន្លងទៅវាថ្លៃជាង ហើយតម្លៃនេះយើងអាចទទួលយកបានក៏ដូចជាកសិករផ្សេងទៀត»។

តាមកសិករខាងលើ ការធ្វើស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ភាគច្រើនកំពុងជួបបញ្ហាដោយកង្វះទឹកស្រោចស្រប់ ដោយសារទឹកនៅតាមព្រែកឬស្ទឹងរីងហួតចង់អស់ ហើយបើស្ថានភាពនេះនៅតែអូសបន្លាយយូរថែមទៀត ស្រូវប្រាំងរបស់កសិករអាចនិងខូចខាតច្រើន ពោលឆ្នាំនេះខុសពីឆ្នាំមុនៗដល់ខែប្រមូលផលទឹកមាននៅព្រែកឬស្ទឹង។

ពាក់ព័ន្ធនិងតម្លៃស្រូវប្រាំងរបស់ប្រជាកសិករក្នុងខេត្តតាកែវ, បើយោងតាមអ្នកជំនាញស្រូវOM ឬហៅថា អង្ករសបាយទន់និងស្រូវ៨៥ហៅថាអង្ករសបាយរឹងនិងរក្សាបានតម្លៃខ្ពស់ប្រហាក់ប្រហែលគ្នាជាង៩០០រៀលក្នុងមួយគីឡូក្រាមបានដូចសព្វថ្ងៃនេះគឺដោយសារឈ្មួញវៀតណាមនិងម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅក្នុងស្រុកចុះទិញមានលក្ខណៈត្រដំាត្រសងគ្នាឬអាចហៅថាចលករឆ្វេងស្តាំ។

លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា យើងគិតថាវាចលករឆ្វេងស្តាំ។ ឈ្មួញវៀតណាមចូលមកទិញហើយខាងរោងម៉ាស៊ីនកិនស្រូវនៅក្នុងស្រុកគាត់តាមទិញដូចគ្នា ហើយពេលខ្លះឈ្មួញវៀតណាមមិនចុះទិញក៏ម្ចាស់រោងម៉ាស៊ីនកិនស្រូវរបស់យើងក៏គាត់ទិញដែរ អ៊ីចឹងទេ វាមិនធ្វើឱ្យតម្លៃស្រូវនៅខាងខេត្តតាកែវមិនធ្លាក់ចុះទេ។

លោកឧកញ៉ាសង្កត់ធ្ងន់ថា «តម្លៃស្រូវនៅឆ្នាំនេះល្អមែនទែនមិនមែនថ្លៃស្រូវនៅត្រឹម៩០០រៀលនោះទេ វាអាចឡើងលើសពីជាង៩០០ឬទៅជិត១ពាន់រៀលក្នុងមួយគីឡូក្រាមហើយនៅតាមខេត្តព្រៃវែងឬខេត្តតាកែវថ្លៃស្រូវឡើងថ្លៃ១០២០ឬ១០៣០រៀល»។

បើយោងតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា តម្លៃស្រូវនៅឆ្នាំនេះល្អហើយទៅដល់ឆ្នាំក៏នៅតែល្អដែរ ប៉ុន្តែលោកឧកញ៉ាបានអំពាវនាវទៅដល់ប្រជាកសិករនៅខេត្តបាត់ដំបង ឧត្តមានជ័យ បន្ទាយមានជ័យនិងខេត្តសៀមរាប សូមកុំដាំដុះប្រភេទស្រូវស្រង៉ែច្រើនពេក ព្រោះវាមិនសូវមានតម្រូវការនៅលើទីផ្សារនោះទេ។ កសិករត្រូវជ្រើសរើសធ្វើការដាំប្រភេទអង្ករដែលមានតម្រូវការទីផ្សារ ដូចជាអង្ករម្លិះ ផ្ការរំដួល អង្ករសែនក្រអូប អង្ករសបាយទន់ អង្ករសបាយរឹងនិងប្រភេទអង្ករដំណើបជាដើមទើបមានទីផ្សារទូលំទូលាយ៕ អត្ថបទ៖ សារេត