ក្រុមហ៊ុនរបស់ ឧកញ៉ា លឹម សុជាតិ ពីមានបុគ្គលិកតែម្នាក់ រហូតដល់ជាង ៨០០នាក់ ក្នុងរយៈពេល១០ឆ្នាំ

ជុំវិញ​ឧកញ៉ា

កាលពី​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន (Laksmi Prime Investment Co., LTD) របស់​លោក​ឧកញ៉ា លឹម សុជាតិ បានប្រារព្ធកម្មវិធី​អបអរសាទរ​ភាពជោគជ័យនៃ​មហា​គ្រួសារ លក្ស្មីខួប ១០ឆ្នាំ នៃការបង្កើត​ក្រុមហ៊ុន​ ចាប់តាំងពីឆ្នាំ២០១២-២០២២ ពីបុគ្គលិកមួយរូប រហូតដល់​មានបុគ្គលិកជាង ៨០០នាក់ ក្នុង២០២៣​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកម្មវិធីជំនួបដ៏ធំ ជាលើកទី១ នៃគ្រួសារលក្ស្មីនេះ ក៏​មានការចូលរួមផ្តល់ជាកិត្តិយស​ដោយ​ផ្ទាល់​ពី ឧកញ្ញ៉ា លឹម សុជាតិ ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន ព្រមទាំង​មាន​ការចូលរួមពី តំណាងម្ចាស់ភាគទុនិក ថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុនទាំងអស់ សរុប​ប្រមាណ ៨០០ នាក់ ដើម្បីប្រារព្ធព្រឹត្តិការណ៍ជាទសវត្សន៍ដំបូងនៃ ខួប១០ឆ្នាំ ក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេស​មេន។

ក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន របស់​ឧកញ៉ា លឹម សុជាតិ ត្រូវ​បាន​បង្កើត​ឡើង ក្រោម​កិច្ច​​សហការ​​​ជាមួយ​នឹង​អ្នក​វិនិយោគទុន​ជប៉ុន កាល​ឆ្នាំ២០១២។ មក​ទល់​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​មេ​មួយ​នេះ​ មាន​​ក្រុមហ៊ុន​​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​​ដល់​ទៅ ១៨​ក្រុមហ៊ុន​ ក្នុង​នោះ​មាន​​​ដូចជា មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​៣ ក្រុមហ៊ុន​វិនិយោគ អភិវឌ្ឍន៍​អចលនទ្រព្យ ជាពិសេស​ការ​អភិវឌ្ឍ​ជា​ខុនដូ នៅ​រាជធានីភ្នំពេញ ក្រុមហ៊ុន​ចែកចាយ​និង​បង់​រំលស់​ម៉ូតូ និង​ក្រុមហ៊ុន​ប្រភេទ​អាជីវកម្ម​លក់​ទំនិញ​អនឡាញ (E-Commerce) ផងដែរ។

សូមជម្រាបជូន​ថា​ ឧកញ៉ា លឹម សុជាតិ ជា​ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន, ប្រធាន​ក្រុមប្រឹក្សា​ភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី​​ និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា។ អ្នកជំនួញ​​វ័យ​ក្មេង​រូប​នេះ​ ​បាន​ទទួល​គោរមងារ «ឧកញ៉ា» ​នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ២០២២៕