ក្រុមហ៊ុន Hyundai Motor Group បាននិយាយកាលពីថ្ងៃទី ១១ មេសាថា មានគម្រោងចង់វិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកូរ៉េខាងត្បូង ជាមួយទំហំទឹកប្រាក់ប្រមាណ ២៤ ទ្រីលានវ៉ុន ឬ ១៨,១៤ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០៣០។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា គម្រោងទឹកប្រាក់វិនិយោគជាង ១៨ពាន់លានដុល្លារនោះ គឺរួមបញ្ចូលទាំងក្រុមហ៊ុន Hyundai Motor, Kia Corp និង Hyundai Mobis បន្ទាប់ពីប្រធានាធិបតី Yoon Suk Yeol បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Kia។
ដោយឡែក រោងចក្រថ្មីនោះក៏គ្រោងនឹងចាប់ផ្ដើមសង្វាក់ផលិតកម្មនាឆ្នាំ ២០២៥ នេះផងដែរ។
សូមជម្រាបដែរថា ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសន្យាថានឹងជួយគ្រប់មធ្យោបាយក្នុងការទ្រទ្រង់ឲ្យវិស័យយានយន្តក្នុងស្រុក កាន់តែមានការអភិវឌ្ឍន៍ ជាពិសេសនៅឆមាសតំបូងនៃឆ្នាំនេះ៕