ថ្មីៗនេះ ក្រុមហ៊ុនជប៉ុន Mitsubishi Corperation (MC) បានប្រកាសថា ក្រុមហ៊ុនខ្លួន និងម្ចាស់ភាគហ៊ុនផ្សេងទៀត បានឈានដល់ការចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានចំនួន ៦៩២លានដុល្លារ ជាមួយធនាគារអភិវឌ្ឍអាស៊ី (ADB) , ទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិជប៉ុន , ធនាគារ Sumitomo Mitsui Banking Corporation និងអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀត សម្រាប់គម្រោងរោងចក្រថាមពលខ្យល់ដ៏ធំមួយ នៅក្នុងប្រទេសឡាវ ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា នៅពេលដែលរោងចក្រថាមពលខ្យល់នេះត្រូវបានសាងសង់រួចរាល់ នោះវានឹងត្រូវលក់អគ្គិសនីទៅឱ្យក្រុមហ៊ុនថាមពលរដ្ឋរបស់វៀតណាម ((Vietnam Electricity) បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្រោមកិច្ចសន្យាទិញថាមពលរយ:ពេល ២៥ ឆ្នាំ។
គួរឱ្យដឹងថា គម្រោងថាមពលខ្យល់ដ៏ធំនេះ គឺមានទីតាំងស្ថិតនៅភាគខាងត្បូងប្រទេសឡាវ ហើយនៅពេលវាត្រូវបញ្ចប់ការសាងសង់នោះ រោងចក្រនេះ នឹងមានលទ្ធភាពផលិតអគ្គិសនី ពីថាមពលកកើតឡើងវិញជាង ១ ៧០០ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំៗ។
លើសពីនេះ ក្រៅតែពីគម្រោងថាមពលកើតឡើងវិញដ៏ធំបំផុតដំបូងគេនៅក្នុងតំបន់អាស៊ានហើយនោះ រោងចក្រនេះក៏នឹងដើរតួនាទីដ៏សំខាន់ ក្នុងផែនការចែករំលែកថាមពល ដោយរដ្ឋាភិបាលរបស់វៀតណាម និងឡាវ ផងដែរ ដើម្បីបញ្ចូលថាមពលអគ្គិសនីដល់ ៥ ០០០ មេហ្គាវ៉ាត់ ពីឡាវ ទៅវៀតណាម នៅឆ្នាំ ២០៣០ ។
ជម្រាបជូនឱ្យដឹងទៀតថា តាមរយ:ភាពជាដៃគូលើគម្រោងនេះ រដ្ឋាភិបាលឡាវ ក៏នឹងអាចធានាបាននូវមូលធនបរទេសបន្ថែមទៀត ដែលវានឹងជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក៏ដូចជាជួយលើកកម្ពស់កម្រិតជីវភាពប្រជាជន នៅក្នុងប្រទេសឡាវ ផងដែរ ៕