ពាណិជ្ជករខ្មែរដ៏មានឥទ្ធិពល ដែលកំពុងដឹកនាំមុខជំនួញក្នុងវិស័យអចលនទ្រព្យ លោកឧកញ៉ា លឹម រស់ និងឧត្តមភរិយា គឺលោកជំទាវឧកញ៉ា សុទ្ធី ម៉ូនីកា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា។
ការដែលព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ា ជូនដល់ឧកញ៉ា លឹម រស់ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៥៩៦ និងលោកជំទាវឧកញ៉ា សុទ្ធី ម៉ូនីកា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៥៩៥ ចុះថ្ងៃដូចគ្នា ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
អ្នកឧកញ៉ា លឹម រស់ និងលោកជំទាវអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា ក៏ជាសប្បុរសជនខ្មែរមួយរូបដែលតែងតាំងបង្ហាញមុខក្នុងការចុះជួយវិភាគទានថវិកា និងធនធានជាច្រើនចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ លើកិច្ចការងារសង្គម សេដ្ឋកិច្ច និងវិស័យសុខាភិបាលជាដើម។
សូមជម្រាបជូនថា អ្នកឧកញ៉ា លឹម រស់ ត្រូវបានគេចាត់ទុកថា ជាអ្នកជំនួញវស្សាមួយរូបក្នុងពិភពជំនួញនៅប្រទេសកម្ពុជាដ៏លេចធ្លោរ ដែលកំពុងជោគជ័យលើវិស័យអចលនទ្រព្យ ហើយអ្នកឧកញ៉ាក៏ជាថ្នាក់ដឹកនាំដ៏ឆ្នើមកំពូលក្នុងតួនាទីជាសហស្ថាបនិកក្រុមហ៊ុន អាយអិនជី ហូលឌីង គ្រុប (I.N.G Holding Group) ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយនៅកម្ពុជា ដែលត្រូវបានអ្នកឧកញ៉ា រួមនឹងឧកញ៉ា ២រូបទៀត គឺឧកញ៉ា អ៊ឹង ប៊ុនហូវ និងឧកញ៉ា លឹម ប៊ុនសួរ រួមគ្នាបង្កើតឡើងរយៈពេលជិត ២០ឆ្នាំមកហើយ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា លឹម រស់ ក៏ម្ចាស់នៃគម្រោងលំនៅឋានប្រណិតមានជ័យ រ៉េស៊ីដិនស៍ ដែលស្ថិតនៅក្នុងតំបន់សក្តានុពលក្នុងរាជធានីភ្នំពេញ ដែលបានបើកសម្ពោធការលក់ជាផ្លូវការហើយថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន និងជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបន្តវេន៕