រយៈពេល៣ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងតម្លៃជាង ១១ពាន់លានដុល្លារ ថយចុះ១៤.៥% ខណៈការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក៏ធ្លាក់ចុះជាង៥% ផងដែរ។នេះបើយោងតាមរបាយការណ៍ ពីអគ្គនាយកគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ។
អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា រយៈពេល៣ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានជាង ៥.៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ៥.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
អង្គភាពដដែល បានបញ្ជាក់ទៀតថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ៥.៣ពាន់លានដុល្លារ ថយចុះ៥.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានតម្លៃ ៥.៧ពាន់លានដុល្លារ។ ជាមួយគ្នានេះ កម្ពុជាបាននាំចូលទំនិញពីទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ៥.៩ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ២១.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានតម្លៃ ៧.៤ពាន់លានដុល្លារផងដែរ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលនេះដែរ ផលិតផលសម្លៀកបំពាក់កម្ពុជា ត្រូវបាននាំចេញក្នុងតម្លៃ ១.៦ពាន់លានដុល្លារ , ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំផ្សេងៗនាំចេញក្នុងតម្លៃ ៧៣៦លានដុល្លារអាមេរិក, ស្បែកជើងនាំចេញបាន ៣២៣លានដុល្លារ, កៅស៊ូ នាំចេញបាន ១៦៨លានដុល្លារ រួមនឹងទំនិញផ្សេងទៀត។នេះបើតាមការបញ្ជាក់បន្ថែមពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕