កាលពីពេលថ្មីៗនេះ លោក Richard Branson មហាសេដ្ឋីអង់គ្លេស និងជាស្ថាបនិកក្រុមហ៊ុន Virgin Group បានទទួលងារជាឯកអគ្គរដ្ឋទូតនៃមូលនិធិ United24 បង្កើតឡើងក្នុងគោលបំណងរៃអង្គាសប្រាក់សម្រាប់ប្រទេសអ៊ុយក្រែន។
យោងតាមរបាយការណ៍ពីការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញថា លោក Volodymyr Zelensky បានចូលជួបជជែកជាមួយនឹង Branson នៅទីក្រុងគៀវ និងបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ជាមួយនឹងការក្លាយជាចំណែកជួយដល់អ៊ុយក្រែន។
“វាពិតជាមានសារៈសំខាន់ណាស់ ដែលបុគ្គលមានកេរ្តិ៍ឈ្មោះ និងមានគេទទួលស្គាល់ច្រើន ក្លាយជាចំណែកមួយនេះមូលនិធិមួយនេះ”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីបាននិយាយ។
សូមជម្រាបដែរថា មូលនិធិ United24 គឺបង្កើតឡើងដោយរដ្ឋាភិបាលអ៊ុយក្រែននៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ ដើម្បីរៃអង្គាសប្រាក់ជួយដល់អ៊ុយក្រែន ក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី។ យោងតាមគេហទំព័រផ្លូវការបានបង្ហាញថា គិតត្រឹមថ្ងៃទី ០២ មេសា ២០២៣ មូលនិធិមួយនេះទទួលបានទឹកប្រាក់ប្រមាណ ៣០៥លានដុល្លារហើយ៕