ប្រធានធនាគារពិភពលោក៖ ប្រទេសលោកខាងលិចត្រូវតែជួយអ៊ុយក្រែនស្ដារប្រទេសឡើងវិញ

អន្តរជាតិ

ធនាគារពិភពលោកបានត្រៀមខ្លួនរួចស្រេច ក្នុងការជួយដល់ប្រទេសអ៊ុយក្រែនកសាង​សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ប៉ុន្តែពួកគេក៏ត្រូវការ​ជំនួយជាចាំបាច់ពីលោកខាងលិច​បន្ថែម ដ្បិត​ទំហំ​ការចំណាយ​គឺ​ច្រើនលើសលុប។ នេះបើតាមសម្ដីប្រធានធនាគារពិភពលោក David Malpass បាននិយាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅកិច្ចប្រជុំនិទាឃរដូវ​រវាង​ World Bank និង IMF ថ្នាក់ដឹកនាំរូបនេះបន្ថែមថា កន្លងមក​ធនាគារពិភពលោក​បាន​ជួយដល់​ឧស្សាហកម្មដែកថែប​របស់​អឺរ៉ុប តាំងពីផ្ទុះសង្គ្រាមលោកលើក​ទី ២ ហើយក៏អាចនឹង​ដើរតួនាទី​ស្រដៀងគ្នា​ចំពោះ​បញ្ហានៅ​អ៊ុយក្រែនផងដែរ។

គួររំលឹកដែរថា កាលពីខែកញ្ញាឆ្នាំទៅ ធនាគារពិភពលោក​បាន​ព្យាករពីការចំណាយ​លើ​ការ​ស្ដារ​ប្រទេសអ៊ុយក្រែន​វិញ​ដែលមានទំហំ​ប្រមាណ ៣៤៩ពាន់លានដុល្លារ ប៉ុន្តែ​ថ្មីៗនេះ​ទិន្នន័យថ្មី​បាន​បង្ហាញថា ពួកគេ​ត្រូវការ​លុយយ៉ាងហោចណាស់ ៤១១ពាន់លានដុល្លារឯណោះ ដើម្បី​បញ្ចប់​គម្រោង​មួយ​នេះ ដែលត្រូវការ​ជំនួយ​ជាចាំបាច់ពី​ប្រទេសលោកខាងលិច។

ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកក៏ធ្លាប់បង្ហើបដែរថា នឹងជួយផ្គត់ផ្គង់ដល់អ៊ុយក្រែន​តាម​លទ្ធភាព​ដែលអាច​ធ្វើទៅបាន ស្របពេល ដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិក Janet Yellen និយាយ​ថា អាមេរិក និងអឺរ៉ុប នឹងជួយគ្រប់បែបយ៉ាងដល់អ៊ុយក្រែនដល់ចុងឆ្នាំនេះ ហើយបើសិនជា​សង្គ្រាមនៅ​តែបន្ត ពួកគេ​ត្រូវស្វែងរកដៃគូបន្ថែមទៀត ដើម្បី​ជួយដល់​អ៊ុយក្រែន។

សូមជម្រាបដែរថា កន្លងមកអាមេរិកគឺជាអ្នកជួយ​ដល់អ៊ុយក្រែន​ធំ​បំផុត ទាំងផ្នែក​សព្វាវុធ និងហិរញ្ញវត្ថុ បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពាន​ចូល​អ៊ុយក្រែន​កាលពីចុងខែកុម្ភៈ​ឆ្នាំទៅ៕