ជប៉ុនផ្តល់កិច្ចសន្យាមួយតម្លៃជិត ៣ពាន់លានដុល្លារ ដល់ក្រុមហ៊ុន Mitsubishi ដើម្បីផលិតមីស៊ីល

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានផ្តល់ជូនកិច្ចសន្យាមួយ ដែលមានតម្លៃប្រមាណ ៣៧៨ពាន់លានយ៉េន (២,៨៤ពាន់លានដុល្លារ) ទៅកាន់ក្រុមហ៊ុនផលិត​សព្វាវុធ​ដ៏ធំបំផុតរបស់ខ្លួន គឺ Mitsubishi Heavy Industries ដើម្បីបង្កើត និងផលិតមីស៊ីលថ្មីដ៏មានឥទ្ធិផល ក្នុងគោលបំណងដើម្បីរារាំងប្រទេសចិន ពីការប្រើប្រាស់កម្លាំងយោធារបស់ពួកគេ នៅក្នុងតំបន់អាស៊ីបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរបស់ជប៉ុន បាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កិច្ចសន្យាដ៏ធំនេះ នឹងរួមបញ្ចូលទៅលើគម្រោងបង្កើតមីស៊ីលទាំងនៅលើគោក សមុទ្រ និងមីស៊ីលបាញ់តាមអាកាស ព្រមទាំងក្បាលគ្រាប់មីស៊ីលលឿនជាងសំឡេង ដែលអាចនឹងចាប់ផ្តើមដាក់ពង្រាយ ចាប់ពីឆ្នាំ ២០២៦ ទៅ ។

យ៉ាងណាមិញ សម្រាប់ផែនការផលិតមីស៊ីលថ្មីនេះ ត្រូវបានគេរំពឹងថា វានឹងមានសមត្ថភាពវាយប្រហារនាវា និងគោលដៅនៅលើដីគោក បានចម្ងាយរហូតដល់ទៅ ១ពាន់គីឡូម៉ែត្រពីប្រទេសជប៉ុន ។

គួរឱ្យដឹងថា បន្ទាប់ពីមានការវាយប្រហារពីសំណាក់ប្រទេសរុស្ស៊ី ទៅលើអ៊ុយក្រែន និងចំពេលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំង ថាប្រទេសចិន អាចនឹងមានការវាយប្រហារទៅលើកោះតៃវ៉ាន់ ដូច្នេះហើយទើបប្រទេសជិតខាងដូចជាជប៉ុន កាលពីខែធ្នូកន្លងទៅ បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការកសាងប្រព័ន្ធយោធាដ៏ធំមួយ ដើម្បីការពារប្រទេសខ្លួន ជាមួយនឹងការបង្កើនការចំណាយលើវិស័យការងារជាតិទ្វេដង ក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ។

ជម្រាបជូនទៀតផងដែរថា ដើម្បីពង្រឹងទៅលើវិស័យការពាររបស់ខ្លួន មុនពេលដែលជប៉ុន អាចមានសមត្ថភាពដាក់ពង្រាយមីស៊ីល ដែលផលិតបានដោយខ្លួនឯងនោះ រដ្ឋាភិបាលទីក្រុងតូក្យូ កាលពីខែកុម្ភ:កន្លងទៅ បានបង្ហាញថាខ្លួននឹងបញ្ជាទិញមីស៊ីល ប្រភេទ Cruise Raytheon Technologies Corp Tomahawk ពីសហរដ្ឋអាមេរិក ខណ:​របាយការណ៍ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​និយាយ​ថា វា​នឹង​មានចំនួនដល់ទៅ ៥០០ គ្រឿង៕