បុរី របស់ ឧកញ៉ា១រូប ត្រូវបានជ្រើសរើសធ្វើជាទីតាំង «សាលាក្រុងអរិយក្សត្រ»

ជុំវិញ​ឧកញ៉ា

រដ្ឋបាលក្រុងអរិយក្សត្រ ​​បាន​សម្រេច​​​យក​ទីតាំង​ បុរី វីទ្បា ទួលសង្កែ អរិយក្សត្រ ​​របស់ ​ឧញ៉ា គង់ ប៊ុនហាវ ​​ធ្វើ​ជា​ «សាលាក្រុងអរិយក្សត្រ» ​​បណ្តោះអាសន្ន ​​ខណៈ​ដែល​ក្រុង​ទើប​បង្កើត​ថ្មី​មួយ​នេះ ពុំ​ទាន់​មាន​អគារ​រដ្ឋបាល​នៅ​ឡើយ និង​ដើម្បីងាយស្រួល​ផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​​ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ម្សិល​មិញ​នេះ ក្រុមការងាររដ្ឋបាលក្រុងអរិយក្សត្រ បានរៀបចំ​បំពាក់​ផ្លាកសាលាក្រុងអរិយក្សត្រ នៅបុរី វីទ្បាទួលសង្កែ គម្រោងអរិយក្សត្រ(The Sanctuary City) ស្ថិតនៅភូមិ​បារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ បុរី វីទ្បាទួលសង្កែ ជា​ទីតាំង​មួយ​ល្អ ដែល​​នៅ​កៀក​ជិត​រាជធានីភ្នំពេញ ​​ត្រឹម​តែ ៣គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពី​ទីក្រុង​កោះពេជ្រ ​​​ហើយ​ជា​ទីតាំង​មួយ​ ប្រជាពលរដ្ឋ​នៅ​តំបន់​អរិយក្សត្រ​​តែង​ឆ្លងកាត់​ញឹកញាប់​ជា​ប្រចាំ​ផងដែរ។ ដូច្នេះ​ការ​​ជ្រើសរើស​ទីតាំង​នេះ ធ្វើ​ជា «សាលាក្រុង​អរិយក្សត្រ» នឹង​មាន​ភាព​ងាយ​ស្រួល​​​ទាំង​អ្នកផ្តល់សេវា និង​អ្នកទទួល​សេវា​រដ្ឋបាល​ផ្សេងៗ។

គួរ​រំឭក​ថា ​​​កាល​ពី​ថ្ងៃ​សុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​​បាន​ចេញ​អនុក្រឹត្យ​ បង្កើត​ក្រុង​អរិយក្សត្រ នៃ​ខេត្ត​កណ្តាល ដោយ​កាត់​ឃុំ​ចំនួន ០៦ ពី​ស្រុក​ខ្សាច់​កណ្តាល គឺ​ឃុំ​បាក់ដាវ ឃុំ​កោះ​ឧកញ៉ា​តី ឃុំព្រែក​អំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និង​ឃុំ​ស្វាយជ្រំ និង​ឃុំ​ចំនួន ០៥ ពី​ស្រុក​ល្វាឯម គឺ​ឃុំ​អរិយក្សត្រ ឃុំសារិកា​កែវ ឃុំ​ពាម​ឧកញ៉ាអុង ឃុំព្រែកក្មេង និង​ឃុំ​បារុង ដែលធ្វើឱ្យក្រុងអរិយក្សត្រ មាន​សង្កាត់​សរុប​ចំនួន ១១។

ទទឹម​នឹង​នេះ កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២៣​ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ចេញ​អនុក្រឹត្យ​​តែងតាំង​លោក ចាន់ តារា អតីត​អភិបាលរង​ស្រុក​​​ខ្សាច់​កណ្តាល ជា​អភិបាលក្រុង​អរិយក្សត្រ ខណៈ​ដែល​ការ​បោះឆ្នោត​លើកទី១ ​​​​​ក្នុង​ការ​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​អរិយក្សត្រ ​​នៃ​ខេត្តកណ្តាល ​​​​​​ត្រូវ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី០៩ ខែមេសា ឆ្នាំ២០២៣៕

ឧកញ៉ា គង់ ប៊ុនហាវ អគ្គនាយក ក្រុមហ៊ុន បុរី វីឡាទួលសង្កែ

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖