រាជរដ្ឋាភិបាល សម្រេចដាក់​ចេញ​​វិធាន​ ដើម្បី​រក្សាស្ថិរភាព​វិស័យ​សំណង់ និងអ​ចលន​​ទ្រព្យផ្នែក​បុរី

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម ជាពិសេស បន្ត​រក្សា​និរន្តរភាពការងារ​ជូន​បង​ប្អូន​កម្ម​ករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋ ដែល​​មានចំ​​ណូល​ទាប និងមធ្យម អាចមានលទ្ធភាពទិញ លំនៅ​ឋាន​តម្លៃសមរម្យបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែមេសា បាន​បង្ហាញវិធានការបន្ថែមទាំងនោះរួមមាន៖

ទី១៖ បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុន​​អភិ​វឌ្ឍន៍​លំនៅឋានជាបុរី ដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ លំនៅ​ឋានដែល​មានអាជ្ញាបណ្ណអាជីវកម្ម​​អច​ល​នវត្ថុ ផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។ ដោយ​ឡែក ក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការ​​គម្រោង​​អភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មាន​អាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញា​បណ្ណអាជី​វ​កម្ម អចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់ រហូតដល់ដំណាច់ឆ្នាំ ២០២៤។

ទី២៖ បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាល១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍​លំនៅ​ឋានជាបុរី ដែលបង់ពន្ធតិចជាង១ លានដុល្លារអាមេរិក និងពី ២៤ ខែដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍​លំនៅ​ឋានជាបុរី ដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក។

ទី៣៖ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់​អភិវឌ្ឍត្រូវបង់ពន្ធ ស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។

ទី៤៖ បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន សម្រាប់តែវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ ២០២៤។

ទី៥៖ បន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈ​ជា​បុរី ដែលមានតម្លៃក្រោម ឬ ស្មើ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៤។

ទី៦៖ លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែង​របស់​គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋានជាបុរី ។

ទី៧៖ លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវ​បំពេញ​កាតព្វកិច្ច ស្របតាម​ប្រកាសលេខ ០៨៩ សហវ ប្រក.ស្ដីពី «ការគ្រប់គ្រងអាជីវ- កម្មអភិវឌ្ឍអចលនវត្ថុ»។

ទី៨៖ ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៣ លើសេចក្ដីប្រកាសលេខ ៥៦៣ សហវ. ប្រក ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ ស្តីពី «កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ» ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ។

ជាមួយគ្នានេះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ក៏ នឹងរៀបចំយន្ត​ការការងារ ដើម្បីតាមដាន​ពិនិត្យ និងវាយតម្លៃជាប្រចាំ លើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ សំដៅស្នើឡើង​នូវវិធានការគោលនយោបាយ ជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួច៕