CDC ឯកភាពឲ្យលោក នួន ដារ៉ាវិឆ័យ អភិវឌ្ឍន៍រីសតតម្លៃ ៣០លា​នដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្មីៗនេះបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគឲ្យក្រុមហ៊ុន DEN NOKOR (CAMBODIA) INVESTMENT CO., LTD របស់លោក នួន ដារ៉ាវិឆ័យ ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC គម្រោងអភិវឌ្ឍន៍កោះទទឹង នឹងធ្វើការវិនិយោគគម្រោងផ្ទះលំហែ, បឹងកាឡូ, ភោជនីយដ្ឋាន និងគម្រោងផែទេសចរណ៍ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤២កន្លែង ដែលមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

សូមជម្រាបថា រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការធ្វើអនុបយោគទីតាំងកោះទទឹង ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ កាលពីដើមខែមីនា ឆ្នាំ២០២៣កន្លងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបើកកិច្ចប្រជុំពិភាក្សាគម្រោងវិនិយោគរបស់ក្រុមហ៊ុន DEN NOKOR ដើម្បីអភិវឌ្ឍន៍កោះទទឹង ក្រោយយល់ព្រមជាគោលការណ៍ឱ្យក្រុមហ៊ុន DEN NOKOR CO., LTD. ធ្វើការវិនិយោគអភិវឌ្ឍន៍កោះទទឹង ទំហំ ៧៤៣.៧៨៥ម២ ជារមណីយដ្ឋានអេកូទេសចរណ៍កម្សាន្តលំដាប់ពិភពលោក។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកោះកុង សប្បាយរីករាយ ដែលកោះទទឹង គឺជាកោះមិនសូវមានគេស្គាល់ ឬទៅដល់ និងជាកោះមិនមានការអភិវឌ្ឍទាល់តែសោះនាពេលកន្លងមក ពេលនេះត្រូវបានក្រុមហ៊ុន DEN NOKOR វិនិយោគអភិវឌ្ឍន៍ ជារមណីយដ្ឋានអេកូទេសចរណ៍កម្សាន្តលំដាប់ពិភពលោក ក្នុងទំហំទឹកប្រាក់វិនិយោគដ៏ច្រើន។

ជាមួយនឹងការយល់ព្រមជាគោលការណ៍នោះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសំណូមពរឲ្យក្រុមហ៊ុន DEN NOKOR (CAMBODIA) INVESTMENT CO.,LTD អនុវត្តការងារឱ្យស្របតាមកិច្ចសន្យាស្តីពីការជួលទីតាំងកោះទទឹង ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ និងស្នើក្រុមហ៊ុនបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើ ប្រាស់ធនធាន ម្ហូបអាហារ ឬសេវាកម្មនានាពីប្រជាសហគមន៍ក្នុងតំបន់។

សូមជម្រាបជូនថា កោះទទឹង គឺជារមណីយដ្ឋានទេសចរ​ធម្មជាតិ​ដ៏សែនមនោរម្យមួយ ហើយដើម្បីទៅកម្សាន្តនៅកោះទទឹង ភ្ញៀវទេសចរ​អាចធ្វើដំណើរតាមអូប័រ ពីផែកោះស្ដេច ឆ្ពោះទៅទិសពាយព្យ ក្នុងចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ។ មានទំហំជិត ១គីឡូម៉ែត្រការ៉េ គ្របដណ្ដប់ដោយព្រៃឈើបៃតង កោះទទឹងគឺជាទីស្ថានដ៏សមប្រកបបំផុតសម្រាប់ភ្ញៀវទេសចរ​ដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងរស់នៅជាមួយធម្មជាតិ៕