រដ្ឋយល់ព្រមឲ្យឧកញ៉ាម្នាក់ដ៏មានឥទ្ធិពលធ្វើការវិនិយោគអភិវឌ្ឍន៍ «កោះមួយ» នៅក្រុងកោះរ៉ុង

ជុំវិញ​ឧកញ៉ា

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចយល់ព្រមចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO., LTD ធ្វើការវិនិយោគអភិវឌ្ឍន៍ «កោះមួយ» តម្លៃប្រមាណ ៧.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៤៩កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ពេលថ្មីៗនេះ ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ «កោះមួយ» ដែលមានទីតាំងស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានចំណាយប្រមាណ ៥០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និងចម្ងាយប្រមាណ ៤៧ គីឡូម៉ែត្រពីកោះពួឡូវៃ។ គម្រោងតម្លៃប្រមាណ ៧.៧លានដុល្លារអាមេរិកនេះ ត្រូវបានគេស្គាល់ថា ជាគម្រោងថ្មីមួយបន្ថែមទៀតរបស់ពាណិជ្ជករកំពុងរះនៅទិសនារតី ឧកញ៉ា ទៀ វិចិត្រ ដែលជាអ្នករកស៊ីដ៏មានឥទ្ធិពលចាក់គ្រឹះយ៉ាងរឹងមាំក្នុងខេត្តព្រះសីហនុ។

ឧកញ៉ា ទៀ វិចិត្រ ជាអ្នករកស៊ីនៅទិសនារតីដ៏ល្បីល្បាញច្រើនឆ្នាំមកហើយលើវិស័យ ទេសចរណ៍ បដិណ្ឋារកិច្ច ភេសជ្ជៈ ប្រេងឥន្ទនៈ និងអចលនទ្រព្យ ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ លោកជាកូនបង្កើតលោក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក និង​បងប្រុស​ឈ្មោះ ទៀ សុខា មេបញ្ជាការរង​យោធា​ជើង​ទឹក ជាក្មួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ឧកញ៉ា ទៀ វិចិត្រ ជាអគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia ដែលមុខរបរនេះមានភាពល្បីល្បាញ និងរបរដែលបានធ្វើឲ្យមហាជនស្គាល់លោកតាមរយៈការបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ អ្នករងគ្រោះផ្សេងៗនៅតាមកោះ ភ្ញៀវទេសចរ និងអ្នកនេសាទជាដើម។

ខាងក្រោមនេះត្រួសៗពីតួនាទីការងារមួយចំនួនរបស់ឧកញ៉ា ទៀ វិចិត្រ៖

  • ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ
  • អនុប្រធានកិត្តិយស​ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ
  • ប្រធានសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដ
  • សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ
  • ប្រធាន​ក្រុមមនុស្ស​ធ​ម៌​អូរ​បី (O3)