ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ១៣លាននាក់ ។ ចំនួននេះមានការកើនឡើងបើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទេសចរសរុបត្រឹមចំនួន៤,៩លាននាក់ ប៉ុណ្ណោះ។
ជាការកត់សម្គាល់ របស់ក្រសួងទេសចរណ៍ ថាចរន្តភ្ញៀវដ៏ច្រើនកុះករមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំនេះ គឺបានមកពីការជឿជាក់លើភាពស៊ាំសហគមន៍ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សំបូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធានាបាននូវសុខសន្តិភាពពេញលេញដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស។
ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា មើលឃើញថា ដោយសាររដ្ឋាភិបាលបានបើកទូលាយដល់ប្រជាជនទូទាំងប្រទេសលេងសប្បាយដោយគ្មានក្ដីកង្វល់ អំពីជំងឺឆ្លងកូវីដ-១៩ទៀតនោះទេ។
លោកបន្តថា ការបើកឱ្យលេងកម្សាន្តសប្បាយ ដូចជា ប៉ាតម្សៅ បាញ់ទឹក ជះទឹក នេះជាកត្តាលីករដែលជម្រុញឱ្យមានការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ខណៈដែលឆ្នាំកន្លងទៅការលេងនេះត្រូវបានហាមឃាត់ ។
លោកថា ឆ្នាំកន្លងទៅ មូលហេតុហាមប្រាមមិនឱ្យលេងប៉ាតម្សៅនិងជះទឹកនេះ ព្រោះតែខ្លាចកើតទៅជាគ្រោះថ្នាក់ចរាចរណ៍។ ដោយឡែកឆ្នាំនេះ រដ្ឋាភិបាលបើកឱ្យមានការលេងកម្សាន្ត ហើយគេសង្កេតឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍គឺមិនសូវកើតមានឡើងនោះទេ ពោលគឺកើតមានតិចតួចបំផុតបើប្រៀបធៀបនឹងឆ្នាំទៅ។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា កំណើននៃភ្ញៀវទេសចរជាង១៣លាននាក់នេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការរស់នៅក្នុងសម័យតេជោសន្តិភាព ដោយមិនខ្លាចអំពីបញ្ហាអសន្តិសុខនោះទេ។
គួរបញ្ជាក់ថា ក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះនេះ មានភ្ញៀវដើរកំសាន្តតាមបណ្ដារខេត្តក្រុងនានា មានចំនួនសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់ និងភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់៕