ត្រីមាសទី១ នៃឆ្នាំ២០២៣ កម្ពុជាអនុម័តគម្រោងវិនិយោគ មានតម្លៃសរុបជាង ២០០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា នៃឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនប្រមាណ ៣៤គម្រោង ក្នុងទុនវិនិយោគសរុបជាង ២០០លានដុល្លារអាម៉េរិក។នេះបើតាមរបាយការណ៍កន្លងមករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍កន្លងមករបស់ CDC បានឱ្យដឹងថា គម្រោងទាំង៣៤នោះ ស្ថិតក្នុងទុនប្រមាណ ២២៦,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងតំបន់បានជាង ៤ម៉ឺន ៦ពាន់នាក់។ ក្នុងចំណោមគម្រោងទាំង ៣៤នោះ ភាគច្រើនជាគម្រោងបង្កើតរោងចក្រផលិតកាបូប ស្បែកជើង និងសម្លៀកបំពាក់។

គួរឱ្យដឹងថា ដោយឡែកសម្រាប់ខែមេសា នេះ CDC បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនវិនិយោគចំនួន ១១ទីតាំងបន្ថែមទៀត ក្នុងទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៧៣,៩លានដុល្លារ ជាមួយឱកាសការងារចំនួន ២ ៨៨៩កន្លែងផងដែរ។ នៅក្នុងគម្រោងទាំង១១ នោះ រួមមាន គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានលើកោះនានា ជាពិសេសក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ រោងចក្រដំឡើងបន្ទះសូឡា រោងចក្រកែច្នៃវេចខ្ចប់កសិផល កសិដ្ឋានចិញ្ចឹមគោពូជសាច់ខ្នាតធំ និងរោងចក្រកេសកាតុងជាដើម។

គួររម្លឹកផងដែរថា ក្នុងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ១៦៥គម្រោង ដែលទុនវិនិយោគប្រមាណ ៣៧៧៩,៧០៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន ១៦ ១៩៩៥កន្លែង៕