ថ្មីៗនេះ បើតាមការិយាល័យក្រុមប្រឹក្សាអំពៅ និងស្ករ (OCSB) របស់ប្រទេសថៃ បានធ្វើការប៉ាន់ប្រមាណថា ទិន្នផលអំពៅរបស់ខ្លួន សម្រាប់ឆ្នាំដំណាំ ២០២២-២០២៣ នេះ បានកើនឡើងត្រឹមតែ ១,៩% ប៉ុណ្ណោះ ក្នុងចំនួន ៩៣,៨ លានតោន ពោលគឺទាបជាការព្យាករទុក ដោយសារតែគ្រោះរាំងស្ងួត ស្របពេលកសិករភាគច្រើន បានប្តូរទៅដាំដំឡូងមីជំនួសវិញ ។
លោក Panuwat Triyangkunsri អគ្គលេខាធិការនៃ OCSB បាននិយាយថា កាលពីមុនរដ្ឋាភិបាល រំពឹងថាការផលិតអំពៅរបស់ប្រទេសថៃ នឹងលើសពី ១០០ តោន ក្នុងឆ្នាំដំណាំរបស់ខ្លួន ។
គួរឱ្យដឹងផងដែរថា អំពៅដែលប្រមូលផលបាន ត្រូវបានផ្គត់ផ្គង់ទៅឱ្យរោងចក្រផលិតស្ករសចំនួន ៥៧ នៅទូទាំងប្រទេស ចន្លោះថ្ងៃទី ១ ខែធ្នូឆ្នាំមុន ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ នេះ។ ហើយក្នុងចំណោមទិន្នផលអំពៅសរុបចំនួន ៩៣,៨ លានតោន មាន ៦៣,១ ឬស្មើនឹង ៦៧,២% ជាអំពៅស្រស់ ខណ:ចំនួនដែលនៅសេសសល់ជាអំពៅឆេះ ។
យ៉ាងណាមិញ OCSB បានបន្ថែមឱ្យដឹងទៀតថា បើទោះបីជារដ្ឋាភិបាល បានធ្វើការហាមឃាត់ការប្រមូលផលដោយដុត ក៏ដោយ ប៉ុន្តែកសិករភាគច្រើន ចូលចិត្តប្រើវិធីនេះ ព្រោះវាងាយស្រួលក្នុងការប្រមូលផល ជាងការកាត់ដើមស្រស់ ដែលតម្រូវឱ្យមានការប្រើប្រាស់កម្លាំងពលកម្មច្រើន។
ជម្រាបជូនទៀតផងដែរថា បើយោងតាម OCSB បានបង្ហាញថា ដោយសារតែកង្វះកម្លាំងពលកម្ម ចម្ការអំពៅនៅក្នុងប្រទេសថៃភាគច្រើន គឺត្រូវពឹងផ្អែកទៅលើពលករចំណាកស្រុក ៕