ឧកញ៉ា ឃាង ពុទ្ធី៖ វិធានការរបស់រដ្ឋាភិបាលគាំទ្រដល់វិស័យអចលនទ្រព្យ ជារឿងល្អ ប៉ុន្តែមិនទាន់គ្រប់គ្រាន់

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ​​យល់​ឃើញ​​ថា វិធានការ​បន្ថែម​ជា​កញ្ចប់​​ចំនួន ៨​ចំណុច ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ផ្នែក​បុរី របស់​រាជរដ្ឋាភិបាល​កម្ពុជា ​​គឺជា​រឿង​មួយ​ល្អ ប៉ុន្តែ​មិនទាន់គ្រប់គ្រាន់​នោះ​ទេ ដែល​ចំណុច​បន្ទាប់​គឺ​ត្រូវ​តែ​ពង្រឹង​ច្បាប់​ឱ្យ​បាន​តឹងរឹង​បន្ថែម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ឃាង ពុទ្ធី ​បាន​ថ្លែង​ប្រាប់​ ឧកញ៉ា ញូស៍ ​​នៅ​ថ្ងៃ​អង្គារ​នេះ​យ៉ាង​ដូច្នេះ​ថា ​ក្នុងនាមលោក​ជាអ្នក​ជំនាញ និងជាប្រធានសមាគម លោក​មើលឃើញបញ្ហាប្រឈមក្នុងវិស័យ​អចលនទ្រព្យ​ផ្ទាល់​តែ​ម្តង​គឺ សេចក្តី​ប្រកាស​ប៉ុណ្ណឹង ឬ​វិធានការ​ប៉ុណ្ណឹង​ ពុំ​ទាន់​គ្រប់គ្រាន់​នោះ​ទេ ​​ប៉ុន្តែ​គួរ​ពង្រឹង​ច្បាប់​បន្ថែម។ ​យើង​ឃើញ​ថា ប្រជាជន និង​អ្នកវិនិយោគ​ទុន​ក្នុង​ស្រុក​មួយ​ចំនួន ​​បាន​ប្រឈម​មុខ ​ការ​ខាតបង់​ថវិកា និង​ធនធាន ដែល​ខ្លួន​ខិត​ខំ​ប្រឹង​ប្រែង​រក​​យ៉ាង​លំបាក ក្នុង​ការ​វិនិយោគ​លើ​គម្រោង​មួយ ​ដែល​គ្មាន​ភាព​ច្បាស់​លាស់។

លោក​ឧកញ៉ា បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​មាន​គម្រោង​មួយ​ចំនួន​ហើយ ដែល​មាន​បញ្ហា​ប្រឈម​ ហើយ​នឹង​មាន​មួយ​ចំនួន​បន្ត​ទៀត​ជា​បណ្តើរៗ អាច​និយាយ​ថា ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​បាន គឺ​គម្រោង​មិនមាន​អាជ្ញាបណ្ណ​ពី​និយ័តករ​អាជីវកម្ម​អចលនវត្ថុ និងបញ្ចាំ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ម្ចាស់​គម្រោង​ខ្លួន​ឯង និង​អ្នក​វិនិយោគ​ទុន​មាន​ការ​ខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ ដូច្នេះ​លោក​សូម​អំពាវ​នាវ​ឱ្យ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវ​ពង្រឹង​ច្បាប់​​ឱ្យ​មែន​ទែន រាល់​គម្រោង​ទាំង​អស់ ដែល​ដាក់​លក់ ​​ដីឡូត៍ ឬ​បុរី ត្រូវ​តែ​មាន​ច្បាប់​អនុញ្ញាត ហើយ​បើ​សិន​ជា​ពួកគាត់​មិន​ទាន់​ជា​ម្ចាស់​កម្មសិទ្ធិ​ពេញ​លេញ​លើ​អចលនទ្រព្យ​ទេ​ គឺ​កុំ​អនុញ្ញាត​ឱ្យ​ពួកគាត់​លក់។

«កន្លង​មក​ យើង​ឃើញ​មាន​បញ្ហា​ហើយ កក់​លុយ​បន្តិច​បន្តួច​​ត្រឹម​ ១០% ឬ​២០% ​​ក៏​ធ្វើ​ការ​លក់ ​​ហើយ​នៅ​ពេល​សេដ្ឋកិច្ច​ពុំ​សូវ​ល្អ​ ចាប់ផ្តើម​មាន​បញ្ហា។ ខ្ញុំ​និយាយ​នេះ មិនមែន​ឈរ​តែ​លើ​ផលប្រយោជន៍​អ្នកវិនិយោគ ឬ​ប្រជាជន​ទេ តែ​​ខ្ញុំ​ក៏​ឈរ​លើ​ផល​ប្រយោជន៍​ម្ចាស់​គម្រោង​ដែរ ដែល​គាត់​ត្រូវ​តែ​គិត​ឱ្យ​បាន​​មែន​ទែន មុន​នឹង​​ចេញ​លក់។ បើ​សិន​ជា​គាត់​ប្រយ័ត្ន​ប្រយ៉ែង មាន​ផែនការ​ច្បាស់លាស់ មាន​បណ្ណ​កម្មសិទ្ធិ​ត្រឹម​ត្រូវ មាន​ទុន​បម្រុង​គ្រប់​គ្រាន់ ទើប​គាត់​ជោគជ័យ។ យើង​ឃើញ​គម្រោង​មួយ​ចំនួន​ ប្រជាពលរដ្ឋ​ទិញ​ផ្ទះ ទិញ​ដី អត់​ទាន់​បាន​ផ្ទះ អត់​ទាន់​បាន​ដី អត់​ទាន់​បាន​បណ្ណ​កម្មសិទ្ធិ ដែល​នេះ​នឹង​ចេញ​ជា​បញ្ហា​មួយ​ ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​យើង នឹង​ត្រូវ​រាំង​ស្ទះ​គាំង ក្នុង​រយៈពេល​យូរ​ទៀត»។ លោក​ឧកញ៉ា ឃាង ពុទ្ធី ​​បាន​បញ្ជាក់​បន្ថែម។

ជាមួយ​គ្នា​នេះ លោកឧកញ៉ា ក៏​សូម​ឱ្យ​​​និយ័តករអាជីវកម្ម​អចលនវត្ថុ និងបញ្ចាំ ​គួរ​ពង្រឹង​ពី​សមត្ថភាព​បន្ថែម​ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ យ៉ាង​ហោច​ណាស់​ក៏​អាច​ឱ្យ​ប្រជាជន​យល់​ថា គ្រប់​ដីឡូត៍ និង​បុរី គម្រោង​អចលនទ្រព្យ​ទាំង​អស់ ត្រូវ​តែ​​មាន​អាជ្ញាបណ្ណ​ពី​និយ័តករអាជីវកម្ម​អចលនវត្ថុ និងបញ្ចាំ ទើប​អាច​ដាក់​លក់​បាន។ ដូច្នេះ​បើសិន​ជា​ប្រជាជន​យល់ បញ្ហា​ប្រឈម និង​វិបត្តិ​នឹង​កាត់​បន្ថយ ហើយ​ម្ចាស់​គម្រោង​​ក៏​ទទួល​បាន​ជោគជ័យ​ដែរ បើ​គាត់​គោរពច្បាប់ និង​បទដ្ឋាន​ទាំង​ឡាយ​នោះ។

គួរ​រំឭក​ថា ​​​​កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ​​​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល ​​ដែល​បាន​សម្រេច​​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ជា​កញ្ចប់ ចំនួន ៨​ចំណុច ​​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ផ្នែក​បុរី ដើម្បី​រក្សា​ស្ថិរភាព​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​ត្រូវ​បាន​ចាត់ទុក​ជា​វិស័យ​អាទិភាព​មួយ​ ក្នុង​ការ​គាំទ្រ​​ដល់​កំណើនសេដ្ឋកិច្ច​ជា​រួម និង​ជាពិសេស បន្ត​រក្សា​និរន្តរ​ភាព​ការងារ​ជូន​បងប្អូន​កម្មករ ព្រម​ទាំង​លើក​កម្ពស់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ចំណូល​ទាប និង​មធ្យម អាច​មាន​លទ្ធភាព​ទិញ​លំនៅឋាន​តម្លៃ​សមរម្យ​បាន៕