អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន យល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជា ឬក្រសួងអប់រំ យុវជន និងកីឡា គួរកែប្រែគោលនយោបាយអប់រំ ដោយបន្ធូរបន្ថយលើការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីបានបរិមាណសិស្សជាប់ច្រើន ព្រមទាំងបានទាំងគុណភាព ធនធានមនុស្សច្រើន ទៅថ្ងៃអនាគត និងជាពិសេសកុំឱ្យក្មេងៗបាក់ទឹកចិត្ត ឬអាចរហូតដល់មានជំងឺផ្លូវចិត្ត ព្រោះតែសម្ពាធសង្គម។
ក្នុងបទសម្ភាសន៍ជាមួយ ឧកញ៉ា ញូស៍ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា បានលើកឡើងថា គោលនយោបាយកម្ពុជាយើង ក្នុងនាមលោកជាអ្នកអប់រំ លោកគិតថាកំពុងដើរមិនទាន់ត្រូវប៉ុន្មាននោះទេ គួរតែឱ្យក្មេងៗចូលរៀនសាកលវិទ្យាល័យទាំងអស់ ឬយ៉ាងហោចណាស់ អាចចប់ថ្នាក់ទី៩ ឬចប់ថ្នាក់ទី១២ ដើម្បីថ្ងៃក្រោយអាចមានឱកាសចេញធ្វើការ ហើយអាចរៀនបន្តបាន ឬដើម្បីបន្តឡើងតំណែង និងចាប់ឱកាសជាបន្តបន្ទាប់ ព្រោះមានកូនសោរមួយរួចហើយ ដែលបានចប់បាក់ឌុប។
អ្នកឧកញ៉ា បានបន្តយ៉ាងដូច្នេះថា៖ “បើសិស្សានុសិស្ស ឬក្មេងៗធ្លាក់បាក់ឌុប ៤០% ហើយថ្ងៃក្រោយចង់ទៅធ្វើអ្វី ឬសិក្សាបរិញ្ញាបត្របន្តក៏មិនកើត ហើយបើចង់រៀនជំនាញ ក៏គេត្រូវការយ៉ាងតិចថ្នាក់ទី៩ ឡើងលើ ដូច្នេះវាធ្វើឱ្យផ្លូវដើររបស់ពួកគេជួបការលំបាក។ លើលោកនេះ កម្រមានប្រទេសណាធ្វើបែបនេះណាស់ ព្រោះគេមិនដែលបង្រៀនកូនរយៈពេល ១២ឆ្នាំ ឬអ្នកខ្លះ ១៥ឆ្នាំ តាំងពីកើត ចូលថ្នាក់ក្រោមមតេយ្យ ថ្នាក់មតេយ្យ ចូលថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ ស្រាប់តែចុងក្រោយយកពេល១ថ្ងៃមកកាត់ក្តីគ្នា ឈឺក៏ធ្លាក់ ចៃដន្យរឿងអ្វីមួយក៏ធ្លាក់ ថ្ងៃប្រឡងដេកមិនលក់មួយយប់ទល់ភ្លឺក៏ធ្លាក់។ យើងយកពេលគ្នាមួយជីវិត មកកាត់ក្តីគ្នាត្រឹមមួយថ្ងៃ ហាក់បីដូចជាសាហាវខ្លាំងពេក។ យើងពិចារណាមើល កូនគេកូនយើង បើក្មេងនោះមិនឆ្កួតទេ ក៏ក្លាយជាមនុស្សប្រមឹក ឬរត់ចោលស្រុកដែរ”។
«តើធនធានមនុស្សនៅឯណា បើធ្លាក់អស់ ៤០% ទៅហើយ? តើឱកាសគ្នានៅឯណា? គួរឱ្យឱកាសក្មេងទៅ បើរយៈពេល ១២ឆ្នាំ ខំរៀនជិតស្លាប់ជិតរស់ ចុងក្រោយធ្លាក់ រងសម្ពាធគេថាជាមនុស្សចោរម្សៀត អាធ្លាក់ អាល្ងង់ ហើយប្រទេសយើង ប្រជាជនយើង រស់នៅក្នុងសង្គមចូលចិត្តមុខមាត់»។
«ក្រសួងអប់រំ ត្រូវតែគិតឡើងវិញ បើចង់ឱ្យមានធនធានមនុស្សធ្វើការច្រើន បើចង់ឱ្យមានសាកលវិទ្យាល័យរឹងមាំ បើចង់ឱ្យមានអ្នកជំនាញ បើចង់ឱ្យមានបញ្ញាវ័ន្តភាព បើចង់ឱ្យមានការប្រកួតប្រជែង បើចង់ឈ្នះការប្រកួតក្នុងតំបន់។ ទាល់មានចំនួនសិស្សបរិមាណច្រើន ទើបធ្វើឱ្យសាកលវិទ្យាល័យ មានភាពប្រកួតប្រជែង។ ឧទាហរណ៍ បើសាលាអ្នកឯងគ្មានកម្មវិធីល្អ ខ្ញុំចូលសាលាផ្សេងបាន ដូច្នេះមិនចាំបាច់គៀបទេ សាកលវិទ្យាល័យនីមួយៗនឹងពង្រឹងគុណភាពខ្លួនឯង។ នៅពេលសាកលវិទ្យាល័យទាមទារគុណភាពកាន់តែខ្ពស់ឡើង សាលានៅក្រោមក៏ចាប់ផ្តើមពង្រឹងគុណភាពឡើងដូចគ្នា ដើម្បីចង់បានសិស្សពួកគេអាចចូលរៀននៅសាកលវិទ្យាល័យល្អៗ។ ដូច្នេះសាលាពង្រឹងគុណភាព សាកលវិទ្យាល័យពង្រឹកគុណភាព សិស្សនិស្សិតក៏ត្រូវតែខំ អ្នកចេះក៏ច្រើន អ្នកជំនាញក៏ច្រើន សាស្ត្រាចារ្យជំនាន់ក្រោយៗក៏ច្រើន អ្នកនិពន្ធក៏ច្រើន បញ្ញាវ័ន្តក៏ច្រើន»។ អ្នកឧកញ៉ា បានបន្ថែម។
អ្នកឧកញ៉ា បន្តទៀតថា បើចង់កុំឱ្យប្រជាជនយើងគេមើលងាយ ថាប្រទេសយើងគ្មានធនធានមនុស្ស ទាល់តែយើងកែប្រព័ន្ធអប់រំ ហើយសួរថាខាតអ្វី? បើយើងបោះចោលប្រជាជន ៤០% ហើយយកតែ ៦០% មកប្រើ នោះទើបជាការខាតបង់។ បើយើងយកបរិមាណ ដោយចាប់ផ្តើមពង្រឹងពីឥឡូវទៅដើម្បីយកគុណភាព ឬក៏យើងយកគុណភាពពីឥឡូវទៅ ដើម្បីអត់ទទួលបានអ្វីសោះតែម្តង។ បើយើងចម្រាញ់ពីឥឡូវទៅហើយ ទម្រាំចុងក្រោយ គ្មានអ្វីចម្រាញទៀតទេ ដូច្នេះយើងគួរប្រលែងទៅទាំងអស់ទៅ ហើយចុងក្រោយបើនៅរស់យ៉ាងហោចណាស់ ក៏នៅសល់បាន ៥០%ដែរ ហើយចុះបើប្រលែងតែ ៥០% ចុងក្រោយសល់ ២៥%។ តើ ៥០% និង ២៥% យើងយកមួយណា?
អ្នកឧកញ៉ា គួច ម៉េងលី បានបន្ថែមថា នៅស្រុកគេប្រទេសច្រើនណាស់ បើរៀនទៅមិនជាប់ គេឱ្យឱកាសប្រឡងទាល់តែជាប់ ហើយមិនចាំបាច់មួយឆ្នាំប្រឡងម្តងទេ។ ពេលនៅរៀនថ្នាក់វិទ្យាល័យ ថ្នាក់ទី១០ ឬទី១១ គេឱ្យក្មេងៗប្រឡងបណ្តើរៗហើយ ហើយក្មេងណាគិតថាខ្លួនឯងពូកែ អាចចុះឈ្មោះប្រឡងបាក់ឌុបបាន ហើយបើប្រឡងជាប់ ក្មេងនោះសប្បាយចិត្តណាស់ គឺគេរៀនបែបសប្បាយ ហើយអ្នកខ្លះជាប់បាក់ឌុបតាំងពីថ្នាក់ទី១០។ គេមិនធ្វើជាកំហិត ដើម្បីដាក់ជាសម្ពាធដល់អារម្មណ៍ក្មេងទេ វប្បធម៌គេ គេមិនបណ្តុះឱ្យក្មេងភ័យទេ គឺត្រូវបណ្តុះបណ្តាលក្មេងឱ្យក្លាហាន គេមិនបណ្តុះក្មេងឱ្យមានការព្រួយបារម្ភ ឬបេះដូងញាប់ញ័រទេ វាអាចនឹងបាក់ទឹកចិត្តក្មេង យើងគួរបណ្តុះបណ្តាលថា អ្វីក៏យើងអាចធ្វើបាន អ្វីក៏អាចទៅរួច ឱ្យក្មេងមានភាពអង់អាច កុំឱ្យមានភាពតក់ស្លុត ភ័យ ឬបារម្ភ ដែលអាចធ្វើឱ្យមានជំងឺផ្លូវចិត្តទៅថ្ងៃក្រោយ។
គួរកត់សម្គាល់ថា ក្រសួងអប់រំ យុវជន និងកីឡា ក្នុងអាណត្តិលោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បានធ្វើកំណែទម្រង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិយ៉ាងខ្លាំង ដោយក្រសួងបានប្រកាសរឹតបន្តឹងវិន័យ និងបទប្បញ្ញត្តិក្នុងការប្រឡងដល់បេក្ខជន ដោយផ្អែកលើគោលការណ៍គោរពច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលបាន ព្រមទាំងមានពាក្យស្លោកមួយ «អ្នកចេះគឺជាប់»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ មានបេក្ខជនប្រឡងជាប់សរុប ៩០៩៥០ នាក់ ស្មើនឹង ៧២.៣៣ % ខណៈដែលកាលឆ្នាំទី១ នៃកំណែទម្រង់ប្រឡងលើកទី១ ឆ្នាំ២០១៤ បេក្ខជនជាប់ជាស្ថាពរមានចំនួនតែ ២៥.៧២% និងនៅឆ្នាំទី២ ឆ្នាំ២០១៥ បេក្ខជនជាប់ជាស្ថាពរមានចំនួន ៥៥.៨៨%៕