ប្រទេសឥណ្ឌា អាចនឹងក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតលើលោកនាពាក់កណ្ដាលឆ្នាំនេះ បន្ទាប់ពីអង្គការសហប្រជាជាតិព្យាករថា កំណើនប្រជាជនឥណ្ឌានឹងវ៉ាដាច់ចិន ក្នុងចំនួនប្រមាណជិត ៣លាននាក់។
យោងតាមការឲ្យដឹងពី UN បានបង្ហាញថា ចំនួនប្រជាជនឥណ្ឌានាពាក់កណ្ដាលឆ្នាំនឹងមានប្រមាណ ១,៤២៨៦ពាន់លាននាក់ ខណៈប្រជាជនចិននឹងមាន ១,៤២៥៧ពាន់លាននាក់ នាពាក់កណ្ដាលឆ្នាំនេះ។
គួររំលឹកថា ចំនួនប្រជាជនចិនបានធ្លាក់ចុះជាលើកតំបូងតាំងពីឆ្នាំ ១៩៦០ ខណៈគ្រានោះប្រជាជនរាប់លាននាក់បានបាត់បង់ជីវិត ដោយសារភាពអត់ឃ្លាន ក្រោមគោលនយោបាយកសិកម្មដ៏មហន្តរាយរបស់អតីតមេដឹកនាំ ម៉ៅ សេទុង។
ជាមួយនឹងការធ្លាក់ចុះនៃចំនួនប្រជាជនចិន ក៏មានការរិះគន់យ៉ាងខ្លាំងចំពោះការឡើងថ្លៃទំនិញ ដែលធ្វើឲ្យមានផលលំបាកចំពោះជីវភាពរស់នៅ ស្របពេលការងារមួយចំនួនកំពុងមានស្ត្រីជាច្រើនចូលរួម ក៏ដូចជាស្វះស្វែងរកចំណេះ ជាជាងការបង្កើតគ្រួសារ។
សូមជម្រាបដែរថា ពាក់កណ្ដាលនៃចំនួនប្រជាជនសរុបឥណ្ឌា មានអាយុក្រោម ៣០ឆ្នាំ ខណៈប្រទេសមួយនេះក៏ជួបបញ្ហាមួយចំនួនធំដូចជា កង្វះខាតអគ្គិសនី ចំណីអាហារ និងផ្ទះសំបែង ដោយសារកំណើនប្រជាជនមានការកើនឡើងច្រើនលើសលុប។
បន្ថែមពីនោះ UN ក៏បានព្យាករបន្ថែមថា ចំនួនប្រជាជនសរុបទូទាំងពិភពលោកនឹងកើនឡើងដល់ ៨,០៤៥ពាន់លាននាក់ ត្រឹមពាក់កណ្ដាលឆ្នាំ ២០២៣៕