គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” (WorldBridge Sport Village) តម្លៃជាង២០០លានដុល្លារ របស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group បានសាងសង់រួចរាល់ជាស្ថាពរហើយ និងបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលប្រតិភូកីឡាមកពីបណ្តាប្រទេសផ្សេងៗ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងនៅថ្ងៃពុធ ទី១៩ ខែមេសានេះថា ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា នៅសល់តែ ១៦ថ្ងៃទៀតប៉ុណ្ណោះ។ ចំណែកឯ ភូមិកីឡា ដែលស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺនឹងប្រើប្រាស់សម្រាប់ការស្នាក់នៅ ការហូបចុកជុំគ្នា និងងាយស្រួល ក្នុងការចេញទៅប្រកួតឱ្យទាន់ពេលវេលា ព្រមជាមួយនឹងការរក្សាសុខសុវត្ថិភាព សន្តិសុខ ជូនដល់ក្រុមប្រតិភូ កីឡាករ កីឡាការិនី។
គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” អភិវឌ្ឍលើផ្ទៃដី ៦.២ហិកតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងនោះរួមមានខុនដូ ១២អគារ សរុបស្មើនឹង ១,៣១៩ យូនីត មានប្រភេទយូនីត ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេង។ ក្រៅពីខុនដូចំនួន ១២អគារ គម្រោងអភិវឌ្ឍន៍ដ៏ធំនេះ ក៏មានប្រភេទវីឡាទោល ចំនួន៣ វីឡាភ្លោះចំនួន៤៨ វីឡាកូនកាត់៧៩ ផ្ទះអាជីវកម្មខ្នាតតូចចំនួន៤១ និងផ្ទះអាជីវកម្មខ្នាតធំចំនួន៩៤ សរុបទាំងអស់ស្មើនឹង១,៥៨៤យូនីត ដែលនឹងធ្វើឱ្យគម្រោងនេះ ក្លាយជាសហគនម៍រស់នៅនិងជាតំបន់ពាណិជ្ជកម្មដ៏ធំថ្មីមួយ។
កាលពីដើមខែមេសានេះ គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ក៏បានឈ្នះពានរង្វាន់ “Community Development Of The Year 2023” ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា២០២៣ ផងដែរ ដែលសបញ្ជាក់ឱ្យឃើញថា គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ពិតជាមានកិត្យានុភាពក្នុងវិស័យអចលនទ្រព្យ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ឆ្នាំ នឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ខណៈដែលការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕