កូនស្រីជាទីស្រឡាញ់របស់ឧកញ៉ា កែវ មុំ មានឈ្មោះថា «អ៊ឹង ឈីវលី» ហៅថា «លីលី» ដែលបច្ចុប្បន្នជាអគ្គនាយិកា (CEO) របស់ក្រុមហ៊ុនផលិតនំស្រួយ លីលី មានប្រវត្តិសិក្សាមិនធម្មតានោះឡើយ ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មកពីសហរដ្ឋអាមេរិក និងចប់បរិញ្ញាបត្រជាន់ខ្ពស់ មកពីប្រទេសអង់គ្លេស។
ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានបង្ហើបប្រាប់ដល់ ឧកញ៉ា ញូស៍ ក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗកន្លងទៅថា កូនស្រី លីលី របស់លោកស្រី បានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅប្រទេសកម្ពុជា និងបានបន្តការសិក្សានៅប្រទេសកាណាដា រហូតដល់ចប់ថ្នាក់ទី១២។ លោកស្រី បានបន្តថា លីលី បានបន្តសិក្សាចប់បរិញ្ញាបត្រ លើជំនាញអាជីវកម្ម ពីសហរដ្ឋអាមេរិក និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញគ្រប់គ្រងអាជីវកម្ម ពីប្រទេសអង់គ្លេស។
លោកស្រី បានបង្ហើបឱ្យដឹងបន្ថែមថា កញ្ញា លីលី ចេះ៣ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន យ៉ាងស្ទាត់ជំនាញ ព្រមទាំងភាសាមួយចំនួន តិចតួចទៀត។ អ្វីដែលធ្វើឱ្យលោកស្រី មានមោទនភាពលើកូនស្រី លីលី គឺដោយសារ លីលី ជាមនុស្សម្នាក់រៀនឆ្លាត ឆាប់ចាប់បានលឿន និងអាចវិភាគលើអ្វីបានស៊ីជម្រៅខ្លាំង ដូចជាការមើលអត្តចរិកមនុស្សជាដើម។ លោកស្រី បន្ថែមថា កញ្ញា លីលី ក៏ពូកែខាងចិត្តវិទ្យាដែរ ដូច្នេះបុគ្គលិកថ្នាក់ក្រោម តែងតែគោរពស្រឡាញ់កញ្ញា។
គួររំឭកថា ក្នុងឱកាសខួបកំណើតកញ្ញា លីលី កាលពីខែសីហា ឆ្នាំ២០២២ ឧកញ៉ា កែវ មុំ បានឱ្យដឹងថា កូនស្រីទី២ របស់លោកស្រីរូបនេះ បានឡើងកាន់តំណែងជាអគ្គនាយិកាក្រុមហ៊ុន (CEO) រយៈពេល ២ឆ្នាំមកហើយ គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២០។ លោកស្រីមានកូន៣នាក់ ក្នុងនោះប្រុស២នាក់ និងស្រី១នាក់ ខណៈដែលកូនប្រុសទាំងពីរ ក៏កំពុងតែមានមុខជំនួញក្នុងដៃរៀងៗខ្លួន។
ឧកញ៉ា កែវ មុំ បានបញ្ជាក់ឱ្យដឹងផងដែរថា មូលហេតុដាក់ឈ្មោះថា ក្រុមហ៊ុន នំស្រួយលីលី គឺដំបូងឡើយលោកស្រីបានរកនឹកថា តើគួរដាក់ឈ្មោះអ្វី ឱ្យមានការទាក់ទាញ និងធ្វើឱ្យគេឆាប់ចាំ ហើយចុងក្រោយលោកស្រី ក៏សម្រេចដាក់ឈ្មោះកូនស្រីតែម្តងគឺឈ្មោះ លីលី ដើម្បីងាយស្រួលហៅ ហើយភាសាចិន ក៏មានអត្ថន័យល្អ ចម្រុងចម្រើន ឬរីកចម្រើនទៀតផង។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតនំស្រួយ លីលី ដែលមានរោងចក្រ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការ ចាប់ពីខែឧសភា ឆ្នាំ២០១២។ ក្រុមហ៊ុនផលិតនំស្រួយ លីលី មិនត្រឹមជាសហគ្រាសផលិត ដើម្បីផ្គត់ផ្គង់ ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក្លាយជាក្រុមហ៊ុនខ្មែរដំបូងគេ ដែលមានសមត្ថភាព លក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផលិត ជាផលិតផលសម្រេចចំណីអាហារ នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីតាលី មីយ៉ាន់ម៉ា វៀតណាម ចិន ម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូង ផងដែរ៕