Elon Musk គម្រាមចង់ប្ដឹងក្រុមហ៊ុនមហាសេដ្ឋី Bill Gates

អន្តរជាតិ

កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Elon Musk បាន​គម្រាម​ថា នឹងដាក់ពាក្យបណ្ដឹងទៅកាន់​ក្រុមហ៊ុន​មហាសេដ្ឋី Bill Gates គឺ Microsoft បន្ទាប់ពីចោទថា ពួកគេ​បាន​លួចប្រើប្រាស់​ទិន្នន័យ Twitter ដោយខុសច្បាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី TheVerge បាន​បង្ហាញថា ការចោទប្រកាន់របស់ Musk មិនមាន​ភាព​ច្បាស់លាស់ឡើយ ប៉ុន្តែទំនង​ជាទាក់ទង​នឹង​ការ​ប្រើ​ទិន្នន័យ Twitter ទៅបង្កើត​កម្មវិធី AI ដូចជា Bing, Edge និង Microsoft 365 ជាដើម។

មកទល់ពេលនេះ មិនមានតម្រុយជាក់លាក់​បញ្ជាក់ថា​ Elon Musk នឹង​ដាក់ពាក្យ​ប្ដឹងផ្ដល់​ទៅកាន់​ Microsoft ឡើយ ដ្បិត​កន្លងមក​មហាសេដ្ឋី​រូបនេះក៏ធ្លាប់​ប្រើពាក្យគម្រាម​បែបនេះ​ដូចគ្នា ប៉ុន្តែ​មិនដែល​ធ្វើតាម​សម្ដី​របស់​ខ្លួនឡើយ។

សូមជម្រាបដែរថា ការគម្រាមរបស់ Elon Musk កើតមានឡើង ក្រោយ Microsoft ប្រកាស​ឈប់​គាំទ្រ Twitter ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ នេះតទៅ ដោយមិនបន្តបង់ប្រាក់​លើ​សេវាកម្ម API របស់ Twitter តទៀត។

ដោយឡែក ចំពោះវិធានការបង់ប្រាក់ថ្មីរបស់ Twitter ក្រុមហ៊ុនធំៗដូចជា Microsoft ត្រូវបង់ប្រាក់​ប្រមាណ ៤២ ០០០ ដុល្លារប្រចាំខែ ដើម្បីអាចប្រើប្រាស់សេវាកម្ម API បាន ហើយ​វិធានការ​មួយ​នេះ​ក៏ធ្វើ​ឲ្យ​ក្រុមហ៊ុនតូចៗជាច្រើន បោះបង់​ប្រព័ន្ធផ្សព្វផ្សាយ​​ Twitter ដូចគ្នា ដោយសារ​គ្មានលទ្ធភាព​បង់ប្រាក់​លើ​សេវាកម្ម​មួយចំនួន៕