លោក ហុង សុខហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ជំរុញនិងលើកទឹកចិត្តឲ្យអ្នកមានធនធាន ចូលរួមវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា កាត់បន្ថយការវិនិយោគទៅលើវិស័យអចលនទ្រព្យ។ការថ្លែងបែបនេះ របស់លោក ហុង សុខហួរ នៅក្នុងកម្មវិធីរ៉ូដសូ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូង(IPO) របស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងនោះ លោក ហុង សុខហួរ បានឱ្យដឹងថា «បច្ចុប្បន្ននេះ មានអ្នកមានធនធានបានកប់ថវិកាទៅលើវិស័យអចលនទ្រព្យច្រើនណាស់ បើដកតែ ៣ ទៅ ៤ភាគរយ ពីការវិនិយោគពីវិស័យអចលនទ្រព្យក៏បាន»។ ការណ៍នេះ លោកចង់មានន័យថា បើអ្នកមានធនធាន ចូលរួមវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា ដែលកាត់បន្ថយការវិនិយោគទៅលើវិស័យអចលនទ្រព្យ ដើម្បីឱ្យការជួញដូរប្រចាំថ្ងៃកើនដល់ ១០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០។
បើតាម អគ្គនាយកផ្សារមូលបត្រកម្ពុជា បានឱ្យដឹងទៀតថា ទំហំនៃការជួយដូរក្នុងផ្សារមូលបត្រប្រចាំថ្ងៃនៅកម្ពុជាជាមធ្យម ក្នុងឆ្នាំ២០២២ បានកើនឡើងដល់ជាង ៥០០,០០០ ដុល្លារអាម៉េរិក នៅមានកម្រិតទាបខ្លាំងបើធៀបនឹងស្រុកគេ ពោលបើធៀបនឹងប្រទេសថៃ មានទំហំជិត ២,០០០លានដុល្លារឯណោះ។
លោក ហុង សុខហួរ បានបន្តថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានវិនិយោគិនប្រមាណ ៣៨,០០០នាក់(ឬគណនី) ត្រូវបានបើក ហើយលោករំពឹងថា នឹងកើនដល់ ៥០,០០០ គណនី នៅចុងឆ្នាំ២០២៣នេះ។
គួរឱ្យដឹងថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន១៨ ក្រុមហ៊ុន ដោយក្រុមហ៊ុន ៩ បានចុះបញ្ជីជាភាគហ៊ុន និង៩ទៀត បានចុះបញ្ជីលក់សញ្ញាបណ្ណ។ ដែលក្រុមហ៊ុនទាំង១៨នេះ បានកៀរគរទុនពីទីផ្សារមូលបត្របានប្រមាណ ៣១៧លានដុល្លារអាម៉េរិក។នេះបើតាមការបញ្ជាក់បន្ថែម របស់អគ្គនាយកផ្សារមូលបត្រកម្ពុជា៕