ក្រុមហ៊ុនថាមពល Shell បើកដំណើរការសាឡាងអគ្គិសនីដំបូងគេ នៅក្នុងប្រទេសសិង្ហបុរី

អន្តរជាតិ

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនថាមពល Shell Plc បានបើកដំណើរការសាឡាងដើរដោយថាមពលអគ្គិសនីដំបូងបំផុតរបស់ខ្លួន នៅឯកំពង់ផែរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសសិង្ហបុរី ហើយបាននិយាយថាក្រុមហ៊ុនរបស់ខ្លួន នឹងបន្តធ្វើការជាមួយអាជ្ញាធរកំពង់ផែរបស់រដ្ឋប្រទេសនេះ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុលចេញពីនាវា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា ការផ្លាស់ប្តូរនេះ គឺជំហានបន្ទាប់មួយ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវច្បាប់របស់អាជ្ញាធរកំពង់ផែសិង្ហបុរី ដែលបានចែងថា យានថ្មីៗនៅតាមកំពង់ផែទាំងអស់ ដែលចរាចរណ៍នៅក្នុងដែនទឹករបស់ខ្លួន ត្រូវតែដំណើរការដោយអគ្គិសនី ឬដំណើរការដោយឥន្ធន:ជីវ: និងឥន្ធន:គ្មានជាតិពុល ចាប់ពីឆ្នាំ ២០៣០ ទៅ ។

លើសពីនេះ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែ (MPA) របស់សិង្ហបុរី បាននិយាយទៀតថា ក្រុមហ៊ុន Shell Eastern Trading បានយល់ព្រមធ្វើការជាមួយអាជ្ញាធរកំពង់ផែ ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងការសាកបំពេញ សម្រាប់យានដើរដោយអគ្គិសនី នៅតាមកំពង់ផែ និងធ្វើការស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍបន្ថែម លើថាមពលដើរដោយឥន្ធន:មានជាតិពុលកម្រិតទាប ឬស្មើសូន្យ ក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ ។

គួរឱ្យដឹងថាក្រុមហ៊ុនថាមពលខ្នាតយក្សរបស់អង់គ្លេសមួយនេះ បានបើកដំណើរការសាឡាងអគ្គិសនី ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ ២០០ នាក់ ដំបូងគេ នៅក្នុងបរិវេណរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន លើកោះ Pulau Bukom កាលពីថ្ងៃចន្ទកន្លងទៅ ។

ជម្រាបជូនទៀតផងដែរថា សាឡាងអគ្គិសនីដំបូងបំផុតមួយនេះ មានឈ្មោះថា Penguin Refresh ដោយវាគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងខែឧសភា ស្របពេលសាឡាងអគ្គិសនីថ្មី ចំនួន ២ ផ្សេងទៀត ក៏នឹងត្រូវដាក់ឱ្យដំណើរការ នៅក្នុងខែសីហាខាងមុខផងដែរ ដើម្បីជាផ្នែកមួយ ក្នុងការជំនួសសាឡាងដើរដោយថាមពលម៉ាស៊ូត ដែលកំពុងប្រើប្រាស់​សព្វ​ថ្ងៃ៕