ចំពោះមុខមហាអំណាចធំៗ អាមេរិកទម្លាយកញ្ចប់មូលនិធិប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងប្រកាសពីគម្រោងបង្កើនកញ្ចប់មូលនិធិ ដើម្បីគាំទ្រ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុងការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល អំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយមេដឹកនាំមកពីប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា លោក បៃដិន នឹងបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធ​អនឡាញ​សម្រាប់​វេទិកាមហាអំណាចសេដ្ឋកិច្ចធំៗ លើ​ប្រធានបទ​ថាមពល និងអាកាសធាតុ ដែលជា​ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការពង្រឹងការគាំទ្រ សម្រាប់វិធានការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី ខណៈវាក៏ជាកិច្ចប្រជុំលើកទី ៤ ក្រោម​ការ​ដឹកនាំ​របស់លោក​ផងដែរ។

ដោយឡែក សម្រាប់​ប្រទេសដែលចូលរួមកិច្ចប្រជុំមួយនេះ​គឺ គ្រប់គ្រងលើការបំភាយឧស្ម័ន​ផ្ទះកញ្ចក់​ប្រហែល ៨០% និង GDP សរុបទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពី​សេតវិមាន។

ដោយឡែក ប្រធានាធិបតីអាមេរិក​នឹង​ប្រកាសពី​ការចូលរួមថវិកា​ប្រមាណ ១ពាន់លានដុល្លារ ទៅលើ​មូលនិធិ Green Climate Fund ដែល​ផ្ដោតលើគម្រោង​ថាមពលស្អាត និង​ភាពធន់នឹងបម្រែបម្រួលអាកាសធាតុក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលបង្កើនការរួមចំណែករបស់សហរដ្ឋអាមេរិកទ្វេដង។

បន្ថែមពីនោះ ថ្នាក់ដឹកនាំលោកខាងលិចក៏នឹង​ប្រកាសពីការ​ចូលរួមទឹកប្រាក់ប្រមាណ ៥០០លាន​ដុល្លារ​ក្នុងរយៈពេល ៥ឆ្នាំ សម្រាប់មូលនិធិ Amazon Fundដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនៅអាម៉ាហ្សូនប្រេស៊ីល និងសកម្មភាពពាក់ព័ន្ធ។

សូមជម្រាបដែរថា ប្រទេស និងស្ថាប័នដែលចូលរួមវេទិកាសេដ្ឋកិច្ចសំខាន់ៗរួមមាន អាហ្សង់ទីន អូស្ត្រាលី កាណាដា ឈីលី ចិន អេហ្ស៊ីប គណៈកម្មការអឺរ៉ុប បារាំង អាឡឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក នីហ្សេរីយ៉ា ន័រវេស អារ៉ាប៊ីសាអូឌីត តួកគី អេមីរ៉ាត់អារ៉ាប់រួម ចក្រភពអង់គ្លេស និងវៀតណាម៕