ឧកញ៉ា សុខ ស្រស់ អ្នកជំនួញផ្នែកអចលនទ្រព្យមួយរូប បានបន្តជាប់ជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង សម្រាប់អាណត្តិទី៣ លើកទី១ ក្នុងការបោះឆ្នោតនៅមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
កាលពីម្សិលមិញនេះ មន្ទីពាណិជ្ជកម្មខេត្តកណ្ដាល បានបើកការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង អាណត្តិទី៣លើកទី១ តាមនិតិវិធីដែលបានគ្រោងទុក ការបើក ការប្រកាសលទ្ធផល និងការបិទកម្មវិធីទាំងមូលគឺស្ថិតក្រោមអធិបតីភាព លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត លោក ប៊ុន ផេង អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល លោក សាន់ យូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត។
ជាលទ្ធផល ចំនួនអ្នកមកបោះឆ្នោតសរុបស្មើ ៩៥%នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប ហើយជ្រើសរើសបានសមាជិកជ្រើសតាំងថ្មីចំនួន០៧រូប ក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន០៨រូប ចំពោះបេក្ខភាពឈរឈ្មោះជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំងមានចំនួន០២រូប ខណៈដែល ឧកញ៉ា សុខ ស្រស់ ត្រូវបានសមាជិកបន្តគាំទ្រជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង សម្រាប់អាណត្តិទី៣ លើកទី១ នេះទៀត។
សូមជម្រាបថា លោកឧកញ៉ា សុខ ស្រស់ នៅឆ្នាំ២០១៥ ទទួលបានការទុកចិត្តពីការបោះឆ្នោតគាំទ្រកាន់តួនាទីជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលបានសំឡេងគាំទ្រពីសមាជិកចូលរួមបោះឆ្នោតច្រើនជាងគេ។ នៅឆ្នាំ២០២០ លោកក៏ជាប់ជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំងនៅអណ្ណតិទីពីរបន្តទៀត។ ក្រៅពីដឹកនាំការងារជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង លោកឧកញ៉ា ក៏មានតួនាទីជាអនុប្រធានសភាពពាណិជ្ជកម្មកម្ពុជាផងដែរ៕