ថ្មីៗនេះ ប្រទេសឥណ្ឌា កំពុងពិចារណាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអាចកើតមានជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ បន្ទាប់ពីបានមើលឃើញពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងបានកើនឡើងខ្លាំង បើទោះបីជាកំពុងផ្ទុះសង្គ្រាម នៅអ៊ុយក្រែនកដ៏ដោយ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Asia Financial ។
គួរឱ្យដឹងថា ការនាំចូលរបស់ឥណ្ឌា ពីប្រទេសរុស្ស៊ី បានកើនឡើងដល់ជាង ៤០០% ក្នុងតម្លៃជាង ៤៦ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធចុងក្រោយនេះ ខណ:ការកើនឡើងភាគច្រើន ត្រូវបានជំរុញដោយការទិញចូលប្រេង ។
យ៉ាងណាមិញ ជុំវិញព័ត៌មានអំពីការបន្តកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ គឺបានកើតឡើង បើទោះបីជាមានការអំពាវនាវ ពីសំណាក់បណ្តាប្រទេសលោកខាងលិច ឱ្យឥណ្ឌាកាត់ផ្តាច់ទំនាក់ទំនង ពីរុស្ស៊ី ជុំវិញការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភ: ឆ្នាំ ២០២២ ។
ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Denis Manturov បាននិយាយក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងញូវដេលី ក្នុងសប្តាហ៍នេះថា ៖ ” យើងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះបញ្ហានៃការដំណើរការនាំចេញ នាំចូលទៅវិញទៅមក នៃផលិតកម្ម រវាងប្រទេសយើងទាំងពីរ ” ។
លោក Denis បានបន្ថែមឱ្យដឹងទៀតថា ៖ ” យើងទាំងអស់គ្នា រួមជាមួយគណ:កម្មាការសេដ្ឋកិច្ចអឺរ៉ាស៊ី (EEC) កំពុងទន្ទឹងរង់ចាំឆ្ពោះទៅរកការចរចាជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសឥណ្ឌា ” ៕