ក្នុងរយៈពេល ៥ឆ្នាំមកនេះ (២០១៨-២០២២) ខេត្តត្បូងឃ្មុំ រកចំណូលបានប្រមាណ ៥៤០លានដុល្លារអាម៉េរិក ពីវិស័យកសិកម្ម។ នេះបើតាមការលើកឡើងរបស់ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ នៅក្នុងសន្នីសីទ្ធសារព័ត៌មានស្តីពី«ភាពជោគជ័យរយៈពេល៥ឆ្នាំ»កន្លងមករបស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីម្សិលមិញនេះ។
បើតាមលោក ហេង ពិសិដ្ឋ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៨ ចំណូលពីវិស័យកសិកម្ម មានត្រឹមតែ ៤៤០លានដុល្លារ ប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០២២ ចំណូលនេះកើនដល់ ប្រមាណ៥៤០លានដុល្លារអាម៉េរិក មានន័យថា ក្នុងរយៈពេល៥ឆ្នាំ ចំណូលមានការកើនឡើង ១០០លានដុល្លារអាម៉េរិក។
ជាមួយគ្នានោះ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានបន្តថា ចំណូលទាំងអស់នេះ ជាការរួមចំណែកមួយក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចក្នុងខេត្តផ្ទាល់ ហើយចំណូលដែលទទួលបាននេះ គឺកើតចេញពីផ្នែកមួយចំនួនរួមមាន ផ្នែកកសិកម្មដំណាំកៅស៊ូ ផលិតកម្មសត្វ និងជលផលជាដើម។ក្នុងនោះ ចំពោះផ្នែកដំណាំមានការកើនឡើងពី ២៦២ លានដុល្លារ (២០១៨)ដល់ ៣១០លានដុល្លារអាម៉េរិក នៅឆ្នាំ(២០២២)។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្ហាញថា ដំណាំដែលជាអាទិភាព នៅក្នុងខេត្តរួមមាន ដំណាំកៅស៊ូ មានផ្ទៃដីដាំដុះជាង ៨ម៉ឺនហិកតាដំឡូងមីមាន ជាង ៥ម៉ឺនហិកតា ស្វាយចន្ទីមានជាង ៨ពាន់ហិកតា ពោតក្រហមមានជាង ១ម៉ឺនហិកតា ម្រេច ជាង៣ពាន់ហិកតា ស្វាយកែវរមៀត មានជាង ២ពាន់ហិកតា ស្រូវមានជាង៨ម៉ឺនហិកតា និងដំណាំរួមផ្សំមាន ជាង៧ម៉ឺនហិកតា ផងដែរ៕