ស្ថាបនិកក្រុមហ៊ុនយក្ស Alibaba មហាសេដ្ឋី Jack Ma បានសម្រេចយល់ព្រមធ្វើជាសាស្ត្រាចារ្យកិត្តិយសនៅសកលវិទ្យាល័យល្បីមួយក្នុងទីក្រុងហុងកុង សម្រាប់មុខជំនាញអាជីវកម្ម។ នេះបើតាមការចុះផ្សាយពី CNA។
ការតែងតាំងនេះធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីមហាសេដ្ឋីរូបនេះបានបង្ហាញខ្លួនជាសាធារណៈដ៏កម្រនៅក្នុងប្រទេសចិន ក្រោយបាត់ដំណឹងមួយរយៈ ដោយសាររដ្ឋាភិបាលចុះបង្ក្រាបឧស្សាហកម្មបច្ចេកវិទ្យាខ្នាតយក្សកាលពី ២ឆ្នាំទៅ។
ជាមួយនឹងការបង្ក្រាបទ្រង់ទ្រាយធំនោះ Alibaba ក៏ទទួលការខាតបង់មិនស្ទើរដែរ ពោលត្រូវបានរដ្ឋាភិបាលពិន័យជាទឹកប្រាក់ប្រមាណ ២,៧៥ពាន់លានដុល្លារ សម្រាប់ការចោទប្រកាន់ពីការអនុវត្តអាជីវកម្មមិនយុត្តិធម៌។
ក្រឡេកទៅមើលពីតំណែងជាសាស្ត្រាចារ្យកិត្តិយសរបស់ Jack Ma វិញ គឺសម្រាប់បង្រៀននៅសាកលវិទ្យាល័យ The University of Hong Kong ជាមួយនឹងអាណត្តិរយៈពេល ៣ឆ្នាំ ដល់ខែមីនា ២០២៦។
សូមជម្រាបដែរថា កាលពីឆ្នាំ ២០១៨ សាកលវិទ្យាល័យដដែលនេះក៏បានប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយស ទៅកាន់ស្ដេចត្រាញ់ចិនម្នាក់នេះផងដែរ ខណៈខាងសាកលវិទ្យាល័យមួយនេះ យល់ឃើញថា បទពិសោធន៍ជោគជាំ និងចំណេះដឹងរបស់លោកលើវិស័យអាជីវកម្ម នឹងជួយដល់យុវសិស្សជំនាន់ក្រោយអាចទទួលបានមេរៀនល្អៗនាថ្ងៃអនាគត៕