យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឱ្យដឹងកាលពីថ្ងៃសុក្រ ទី ២១ ខែមេសា ថា ការនាំចេញសរុបរបស់ប្រទេសចិន ទៅកាន់កូរ៉េខាងជើង នៅក្នុងខែមីនាកន្លងទៅ បានកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។
ទិន្នន័យដែលត្រូវបានចេញផ្សាយដោយរដ្ឋបាលគយចិន បានបង្ហាញថា ការនាំចេញរបស់ប្រទេសខ្លួន ទៅកាន់កូរ៉េខាងជើង បានកើនឡើង ១៤១,៧% នៅក្នុងខែមីនា ធៀបទៅនឹងឆ្នាំមុន បន្ទាប់ពីការកើនឡើង ១៦១,៥% នៅក្នុងខែមករា ដល់ខែកុម្ភ: ។
គួរឱ្យដឹងថា អង្ករជាទំនិញនាំចូលទៅកាន់កូរ៉េខាងជើងច្រើនជាងគេ ដោយគិតជាតម្លៃសរុប ២២លានដុល្លារ ស្របពេលប្រទេសផ្តាច់ការមួយនេះ ក៏បាននាំចូលសក់សិប្បនិម្មិត តម្លៃប្រហែល ៨លានដុល្លារ និងថ្នាំជក់តម្លៃ ៧លានដុល្លារ ផងដែរ ។
មិនតែប៉ុណ្ណោះ ក្រសួងការបរទេសចិន បាននិយាយពីខែមុនថា ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង បានឈានចូលដល់ដំណាក់ការប្រវត្តិសាស្រ្តថ្មីមួយ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានបន្តអភិវឌ្ឍ ក្រោមការដឹកនាំជាយុទ្ធសាស្រ្ត នៃប្រទេសទាំងពីរ៕