បញ្ហាផ្ទួនៗបណ្ដាលឲ្យ Elon Musk របូតលុយ ១២ពាន់លានដុល្លារក្នុងមួយថ្ងៃ

អន្តរជាតិ

ទ្រព្យសម្បត្តិមហាសេដ្ឋី Elon Musk មានការធ្លាក់ចុះរហូតដល់ ១២​ពាន់លានដុល្លារ ត្រឹមរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ពោលនាថ្ងៃទី ២២ មេសា ២០២៣ បន្ទាប់ពីទទួលបាន​ដំណឹងអាក្រក់ពី​ក្រុមហ៊ុនទាំង៣ គឺ SpaceX, Twitter និង Tesla។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Bloomberg’s Billionaires Index បាន​បង្ហាញថា នេះគឺជាការរបូតលុយ​ច្រើន​បំផុត​របស់​មហាសេដ្ឋីអាមេរិករូបនេះ គិតតាំងពីបើកទំព័រឆ្នាំថ្មី មកទល់បច្ចុប្បន្ន។

ហេតុផលដែលធ្វើឲ្យ Elon Musk ខាតបង់ថវិកា​ដោយសារ តម្លៃហ៊ុន Tesla ធ្លាក់ចុះដល់ទៅ ៩,៨% បន្ទាប់ពីប្រាក់ចំណូលប្រចាំត្រីមាសទីមួយ ធ្លាក់ចុះ ២៤% ស្របពេលមេធំម្នាក់នេះ​នៅតែ​បន្ត​ទម្លាក់​តម្លៃរថយន្ត ដើម្បីបង្កើន​ចំនួនលក់នៅ​ទីផ្សារអាមេរិក។

នាថ្ងៃដដែលនោះ ការបាញ់បង្ហោះយានអវកាស SpaceX ក៏មិនទទួលបានលទ្ធផលជោគជ័យ ពោល ៤នាទីក្រោយការបាញ់បង្ហោះ យានអវកាសមួយនោះស្រាប់តែផ្ទុះ ដោយមិនទាន់​ចូលដល់​លំហអាកាស​ផង។

ដោយឡែក Twitter វិញទទួលបានការរិះគន់ជាខ្លាំង បន្ទាប់ពីអតីតមហាសេដ្ឋីមានបំផុត​លើលោក ដកសញ្ញា Blue Check ចេញពីគណនីជាច្រើន ដែលធ្វើឲ្យតារាល្បីៗជាច្រើន​បញ្ចេញ​ប្រតិកម្មគ្រប់ៗគ្នា។

សូមជម្រាបដែរថា បើទោះជារបូតលុយអស់ច្រើនសន្ធឹក តែ Elon Musk នៅតែជាមហាសេដ្ឋីមាន​បំផុត​លើលោក លេខរៀងទី ២ ដោយមាន​មហាសេដ្ឋីបារាំង Bernard Arnault ជាអ្នកមានបំផុត​លើលោក៕