ឯកឧត្តម ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍កម្ពុជា កំពុងមាននិន្នាការវិជ្ជមាន និងកាន់តែមានភាពធន់ជាងមុន

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាព​នា​យ​ករ​ដ្ឋ​មន្រ្តី​​ប​ន្ត​វេនក្នុងពេលអនាគត​​ ​ បានកត់សម្គាល់ឃើញថា នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ និងក៏កាន់តែមានភាពធន់ជាងមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ថ្លែងក្នុ​ង​ពិធី​​​ស​ម្ពោធ​បើ​កដំ​ណើ​រ​ការ​ជា​ផ្លូ​វកា​រនូ​វ​​ «​ស​ណ្ឋា​គា​រ ​សា​ន់ ​&​មូ​ន ​រី​វើ​រសា​យ ​(​Sun & Moon Riverside Hotel)»នៅ​រាជ​ធា​នីភ្នំ​ពេញ​ ​កាល​ពី​ថ្ងៃ​ទី២​២​ ខែ​មេ​សា ​ឆ្នាំ២​០២​៣​​ ឯកឧត្តម ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា បាននិងកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានការលូតលាស់យ៉ាងឆាប់រហ័ស ដោយបានប្រែក្លាយពីប្រទេសក្រីក្រទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបន្តថា៖«ការរីកចម្រើនដ៏ឆាប់រហ័សនេះ គឺមានការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យគន្លឹះជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ ដែលបម្រើឱ្យការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅមុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩, ក្នុងរយៈពេលប្រមាណ ២០ ឆ្នាំកន្លងមកហើយ, ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងជាង ១០ ដង ពោលគឺ ពីប្រមាណជាង ៤៦ ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៩ ដល់ជាង ៦.៦ លាននាក់ក្នុងឆ្នាំ២០១៩»។

ជាមួយនឹងកំណើនដ៏លឿននេះ ឯកឧត្តមបានបញ្ជាក់ដែរថា វិស័យទេសចរណ៍បានក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដោយបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបរហូតដល់ទៅ ១២,១% និងបានផ្តល់ការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៦៣ ម៉ឺននាក់ នៅឆ្នាំ២០១៩។

ជាក់ស្តែង ឯកឧត្តមអះអាងថា ចំនួនភ្ញៀវទេសចរនៅក្នុងស្រុកបានកើនឡើងយ៉ាងលឿនរហូតដល់ជិត ១៤ លាននាក់ ក្នុងឆ្នាំ២០២២ ជាពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗនេះ ខណៈក្រសួងទេសចរណ៍បានបង្ហាញនូវទិន្នន័យបឋមថា ចំនួនភ្ញៀវទេសចរ មានចំនួនកើនឡើងរហូតដល់ទៅជាង ១៣ លាននាក់ ដែលក្នុងនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ៦ ម៉ឺននាក់។

ជារួមមក ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដែរថា នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងអាចកត់សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ ហើយការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក៏បានបង្ហាញផងដែរថា វិស័យទេសចរណ៍ក៏កាន់តែមានភាពធន់ជាងមុន៕

អត្ថបទ៖ ពិសី