មេដឹកនាំកូរ៉េខាងត្បូង បំពេញទស្សនកិច្ចទៅអាមេរិកជាលើកដំបូង ក្នុងរយៈពេលជាង ១០ឆ្នាំ

អន្តរជាតិ

នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol នឹងធ្វើដំណើរ​ចាកចេញពី​ប្រទេស​កំណើត ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំជាមួយ​ប្រធានាធិបតី​អាមេរិក ចូ បៃដិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់លោក Yoon ចាប់ពី​ថ្ងៃទី ២៤ ដល់ ២៩ ខែមេសានេះ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ​លើកដំបូង ទៅកាន់សហរដ្ឋអាមេរិក​របស់​ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ ក៏ដូចជា​អបអរសាទរ​គម្រប់ខួប ៧០ឆ្នាំ នៃភាពជាដៃគូ​ជួយ​យុទ្ធសាស្ត្រអាមេរិក​នៅ​តំបន់អាស៊ី និងជាមូលដ្ឋានគ្រឹះ​ជួយ​កូរ៉េខាងត្បូង​ក្លាយជា​ស្ដេចត្រាញ់សេដ្ឋកិច្ច​មួយ​នៅអាស៊ី​ដូចគ្នា។

ដោយឡែក សម្រាប់កិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលទាំង ២រូប ត្រូវបានគេរំពឹងថា នឹងលើក​យក​បញ្ហា​ដែល​កំពុង​កើតមាន​ដូចជានៅកូរ៉េខាងជើង និងអ៊ុយក្រែន​មក​ជជែកគ្នា ដោយក្នុងនោះ​អនុទីប្រឹក្សាសន្តិសុខជាតិ​កូរ៉េខាងត្បូង​សង្ឃឹមថា ភាគីទាំង ២ នឹងអាចចេញសេចក្ដីថ្លែងការ​រួមមួយ បន្ទាប់ពី​បញ្ចប់កិច្ចប្រជុំ។

សូមជម្រាបដែរថា ប្រធានាធិបតី Yoon នឹងចូលជួបជាមួយលោក ចូ បៃដិន នាថ្ងៃពុធ​សម្រាប់កិច្ច​ប្រជុំ និងសន្និសិទសារព័ត៌មាន​ ហើយថ្ងៃបន្ទាប់​លោកនឹង​ជួបជជែកជាមួយសភា មុនធ្វើដំណើរទៅកាន់​ទីក្រុង Boston ជាកន្លែង​លោក​នឹង​ថ្លែងសន្ទរកថានៅសាលា Harvard Kennedy។

សម្រាប់ដំណើរទស្សនកិច្ចនេះផងដែរ លោក Yoon បាន​នាំយក​អ្នកជំនួញគ្រាក់ៗជាច្រើន​រូប​ទៅជាមួយ ដើម្បី​បង្កើនទំនាក់ទំនង​ភាពជាដៃគូ លើសង្វាក់ផ្គត់ផ្គង់​ជុំវិញ​វិស័យបច្ចេកវិទ្យា​ទំនើបៗ ហើយពួកគេក៏នឹងទៅទស្សនាមជ្ឈមណ្ឌលហោះហើរ Goddard Space Flight Center របស់ NASA ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអវកាសផងដែរ៕