ឧកញ៉ា សំ សុខនឿន៖ មុនបងប្អូនសម្រេចចិត្តទិញដីឡូតិ៍គួរពិនិត្យមើល ៦ ចំណុចនេះសិន 

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល នាពេលថ្មីៗនេះ បានចែករំលែកជាទុនគំនិតជូនដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ទិញដីឡូតិ៍ គួរពិនិត្យមើលចំណុច ៦ នេះសិន ប្រសិនបើមិនចង់ជួបហានិភ័យណាមួយ ក្រោយពីការទិញដីនោះ ត្បិតភាពមិនច្បាស់លាស់ មិនស្គាល់ពីម្ចាស់ ឬក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងពុះដីឡូតិ៍ខ្លះ អាចនាំឱ្យបងប្អូនខាតបង់ថវិកាធំ ឬធ្លាក់ខ្លួន ឈានទៅជំពាក់បំណុលគេក៏មានដែរ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ដើម្បីបញ្ចៀសឱ្យផុតនូវបញ្ហាខាងលើ ឬទិញដី ប្រាកដជាបានដីនោះ លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុន Kw Sam SN Realty Co., Ltd ដែលជាជំនាញផ្នែកអចលនទ្រព្យជាង ១០ឆ្នាំ មកហើយនៅកម្ពុជា បានណែនាំដល់បងប្អូន ប្រជាពលរដ្ឋជនរួមជាតិ គួរពិនិត្យមើលនូវចំណុចចំនួន ៦ មុនសម្រេចចិត្តកក់ប្រាក់ ឬទិញដីឡូតិ៍៖ 

ទី១. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

ទី២. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីពន្ធដា

ទី៣. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានប័ណ្ណពន្ធប៉ាតង់

ទី៤. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូតិ៍

ទី៥. ក្រុមអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ដែលមានឈ្មោះក្រុមហ៊ុន ឬឈ្មោះម្ចាស់ក្រុមហ៊ុន ជាម្ចាស់កម្មសិទ្ធិដីអភិវឌ្ឍន៍នោះ

ទី៦. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍នោះ ត្រូវតែបញ្ជាក់ថា វិញ្ញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) មិនជាប់បន្ទុកធនាគារ ឬជាប់បញ្ចាំឯកជនណាមួយ នោះទេ។

អគ្គនាយក Sam Sn Realty រូបនេះបានបញ្ជាក់បន្ថែមថា ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ដែលប្រជាពលរដ្ឋមានបំណងចង់ទិញ ឬបានទិញរួចហើយ មិនមាន៦ចំណុចខាងលើទេនោះ នោះប្រជាពលរដ្ឋដែលជាអ្នកទិញដីឡូតិ៍ ពីក្រុមហ៊ុននេះ ក៏អាចនឹងមានហានិភ័យខ្ពស់ ដែលអាចបង្កឲ្យមានបញ្ហា នៅថ្ងៃអនាគត។ 

យ៉ាងណាមិញ លោកឧកញ៉ា សំ សុខនឿន ក៏បានលើកឡើងដាច់ដោយឡែកផងដែរថា ទន្ទឹមនឹងមានករណីអ្នករកសុីមិនស្មោះត្រង់ ក្នុងអាជីវកម្មពុះដីឡូតិ៍ ប្រើប្រាស់នូវរូបភាពបោកប្រាស់ កេងបន្លំសេចក្ដីទុកចិត្តអតិថិជន ដែលភាគច្រើនពួកគាត់ ជាអ្នកមានជីវភាពមធ្យម និងក្រោមមធ្យមផងនោះ ក៏មានអ្នកវិនិយោគិនក្នុងស្រុកយើងជាច្រើនផ្សេងទៀត រកសុីដោយសុច្ចរិត នឹងផ្ដល់ផលចំណេញជាហូរហែជូនអតិថិជនរបស់ពួកគាត់ផងដែរ។

លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា កន្លងមកក្នុងនាមរូបលោកឧកញ៉ាផ្ទាល់ ក៏ដូចជាក្រុមហ៊ុន Kw Sam SN Realty Co., Ltd ដែលជាក្រុមហ៊ុនអចលនវត្ថុ ផ្ដល់សេវាកម្ម លក់ ទិញ ជួល និងវាយតម្លៃអចលនទ្រព្យនៅកម្ពុជាជូនអតិថិជន មានអតិថិជនជាច្រើនបានមកសហការ ក្នុងចំណោមនោះ ក៏មានពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ដែលជាអ្នករត់ PassApp កម្មកររោងចក្រ ពលករខ្មែរ និងអាជីវករ ដែលបានទិញដីឡូតិ៍រួច និងកំពុងតែទិញ ឬមានបំណងចង់ទិញ ពួកគាត់ បានលើកអំពីក្ដីបារម្ភរបស់ពួកគាត់ជុំវិញសុវត្ថិភាពនៃការទិញ។ លោកឧកញ៉ា អះអាងថា ពួកគាត់ភាគច្រើន បានលើកពីក្ដីបារម្មណ៍ថា ខ្លាចទិញដីហើយមិនបានដី ទិញដីហើយបានដីមានជំលោះ ឬទិញដីហើយមិនបានប្លង់កម្មសិទ្ធិ ជាដើម ។ល។  

អាក្រក់ ល្អ ស ខ្មៅ តែងតែកើតមានឡើងក្នុងលក្ខខណ្ឌណាមួយ ដូចពាក្យចាស់ពោលថា “ទៀង មិនឈ្នះទ័ល!” ហេតុដូច្នេះហើយ មានតែពុកម៉ែបងប្អូន ជនរួមជាតិដែលជាអ្នកមានលុយ ហើយចង់បោះទុនទិញពីម្ចាស់គម្រោងខ្លួនឯងតែប៉ុណ្ណោះ ដែលត្រូវប្រមូលព័ត៌មានពីគម្រោងនោះឱ្យបានគ្រប់ជ្រុងជ្រោយសិន មុនបោះលុយដែលរកបានដោយលំបាកទៅវិនិយោគ ទើបគ្មានហានិភ័យកើតឡើង។ 

បន្ថែមពីនេះ លោកឧកញ៉ា សំ សុខនឿន ក៏បានបញ្ជាក់ទៀតថា៖ “ក្នុងករណី ដែលបងប្អូនជាអតិថិជន ចង់វិនិយោគក្នុងវិស័យអចលនវត្ថុ ហើយត្រូវការអ្នកជំនាញជួយប្រឹក្សា ក្រុមហ៊ុន Kw Sam SN Realty Co., Ltd ក៏មានអ្នកជំនាញៗបទពិសោធន៍យូរឆ្នាំ រងចាំស្វាគមន៍ និងផ្ដល់យោបល់ដោយក្ដីរីករាយជូនបងប្អូន៕