ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Hyundai Motor Co បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានអនុម័តទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារ ក្នុងការបណ្ដាក់ទុនរួមគ្នាលើគម្រោងសាងសង់អាគុយរថយន្តអគ្គិសនី បន្ទាប់ពីប្រាក់ចំណេញប្រចាំត្រីមាសទីមួយ មានការកើនឡើងទ្វេដង។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ប្រាក់ចំណេញរបស់ Hyundai នាត្រីមាសទីមួយ កើនឡើងប្រហែល ៣,៣ទ្រីលានវ៉ុន ឬប្រមាណ ២,៤៧ពាន់លានដុល្លារ ខណៈកាលពីឆ្នាំទៅទទួលបានត្រឹម ១,៦ទ្រីលានវ៉ុន។
ការកើនឡើងប្រាក់ចំណេញទ្វេដងបែបនេះ គួរអរគុណចំពោះការកើនឡើងនៃទិន្នផលយានយន្ត ដោយសារកង្វះខាតបន្ទះឈីបសកលបានធូរស្រាល ហើយតម្រូវការរថយន្តស្ព័រនៅតែមានខ្ពស់ ខណៈតម្លៃវិញនៅតែល្អដូចដើម។
ដោយឡែក សម្រាប់ការបណ្ដាក់ទុននោះទៀតសោតគឺរវាង Hyundai និង SK On ជាបុត្រសម្ព័ន្ធរបស់ SK Innovation Co Ltd ជាមួយនឹងគម្រោងសាងសង់រោងចក្រផលិតអាគុយរថយន្តនៅរដ្ឋ Georgia សហរដ្ឋអាមេរិក។
រោងចក្រថ្មីនោះ រំពឹងអាចចាប់ផ្ដើមដំណើរការនៅឆមាសទី ២ នៃឆ្នាំ ២០២៥ ជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំប្រមាណ ៣៥ ជីហ្គាវ៉ាត់ម៉ោង ដែលអាចទ្រទ្រង់ដល់ការផលិតរថយន្តបានប្រហែល ៣០០ ០០០ គ្រឿង៕