ក្រសួងពាណិជ្ជកម្មនិងធ្វើការសម្ពោធជាផ្លូវការនៅម៉ាកផលិតផលក្នុងស្រុកចំនួន៧ប្រភេទនៅថ្ងៃទី២៦ខែមេសានេះ ក្នុងនោះម៉ាកផលិសម្គាល់ភូមិសាស្ត្រទំនិញចំនួន៣និងម៉ាកសមូហភាពចំនួន ៤។
យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការដៃគូអភិវឌ្ឍន៍រៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោកក្រោមមូលបទ«ស្ត្រី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រឌិត»នៅសណ្ឋាគារភ្នំពេញ។
ក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថា «គោលបំណងនៃការរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោកនេះគឺសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់វិញ្ញបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដូចជា អំបិលកំពតកែប,ទឹកត្រីកំពតកែប និងបង្កងតាកែវ និងម៉ាកសមូហភាព៤ផ្សេងទៀតដូចជាដូងខ្ទិះបាត់ដំបង,នំបញ្ចុកសៀមរាប,ក្រូច្លុងកោះពីរនិងអំបុកកំពង់ធំ»។
ពាក់ព័ន្ធនិងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ,បើយោងតាមលោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប ធ្លាប់ប្រាប់ឱ្យដឹងថា កាលណាអំបិលកំពត-កែប ក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញត្រឹមត្រូវទៅតាមច្បាប់នោះតម្លៃរបស់វាខ្ពស់ជាងពេលមុនៗ តួយ៉ាងម្រេចកំពតកាលពីមុនមួយគីឡូក្រាមថ្លៃតែ ៤ដុល្លារអាមេរិក គ្មានអ្នកណាគេទិញផង តែដល់ពេលយើងបានចុះម៉ាកសម្គាល់ភូមិសាស្ត្រ គិតមកដល់ម៉ោងនេះម្រេចខ្មៅថ្លៃ២៥ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។ ដូចនេះខ្ញុំគិតថាប្រជាកសិករផលិតអំបិលនៅពេលខាងមុខនេះ អាចទទួលបានប្រាក់ចំណូលកើនឡើងជាងពេលមុនៗ តាមរយៈគុណប្រយោជន៍នៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ។
លោកលើកឡើងថា កាលពីចុងឆ្នាំ២០២២ អំបិលធម្មតាមួយបាវទម្ងន់៥០គីឡូក្រាម ថ្លៃពី២៨.០០០ ទៅ៣០.០០០រៀល។ តែមកដល់សព្វថ្ងៃនេះ មានតម្លៃជាង ១៧.០០០រៀល ដោយសាររដូវកាលផលិតចូលមកដល់ធ្វើឱ្យឈ្មួញដើរទិញឱ្យតម្លៃទាប ហើយប្រជាកសិករដែលមិនមានដើមទុន ពួកគាត់លក់ដើម្បីយកលុយមកបន្តដំណើរការរបស់ខ្លួន។តែសម្រាប់យើង គឺចង់ពង្រឹងតម្លៃដោយសារអំបិលរបស់យើងផលិតបែបធម្មជាតិ ហើយនៅលើពិភពលោកនៅមានតិចកន្លែងណាស់ដែលផលិតបែបនេះ អ៊ីចឹង គឺយើងចង់បានតម្លៃមួយខ្ពស់។
លោកបន្តថា ជាទូទៅតម្រូវការអំបិលនៅក្នុងស្រុកក្នុងមួយឆ្នាំៗ មានប្រមាណ ៧ម៉ឺនតោន ប៉ុន្តែបើកម្ពុជាអាចផលិតអំបិលបានដល់ ៦ម៉ឺនតោនក្នុងមួយឆ្នាំ ឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកបានច្រើន បើត្រូវការនាំចូលបន្ថែមអាចមានបរិមាណតិចតួច។
លោក ប៊ុន ណារិន សង្កត់ធ្ងន់ថា៖ «មកដល់ឆ្នាំ២០២២ និង២០២៣នេះ ផ្ទៃដីផលិតអំបិលមានជាង ២ពាន់ហិកតា ហើយនៅពេលដែលផលិតផលសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែបអាចលក់បានថ្លៃ វានឹងធ្វើឱ្យប្រជាកសិករដែលបានបោះបង់ឬទុកស្រែអំបិលចោលកាលពីមុនៗពួកគាត់វិលមកផលិតអំបិលឡើងវិញ។ តែទន្ទឹមនឹងនេះ សមាគម ត្រូវពេលវេលាសម្រាប់ធ្វើការបណ្តុះបណ្តាលណែនាំទៅដល់សមាជិកទាំងអស់ ឱ្យបានយល់អំពីការផលិតអំបិលឱ្យមានគុណភាព និងមានអនាម័យខ្ពស់ស្របទៅតាមសៀវភៅបន្ទុកដែលបានកំណត់»។
លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធបញ្ញាបានឱ្យដឹងថា «កាលពីដើមឡើយការផលិតបង្កងតាកែវនៅមានការរាយប៉ាយ ហើយការផលិតមិនគ្រប់គ្រាន់និងមិនបំពេញទៅតាមស្តង់ដារដែលធ្វើឱ្យអ្នកប្រើប្រាស់ អតិថិជនដែលចង់បរិភោគបង្កងតាកែវមិនជឿទុកចិត្ត។ប៉ុន្តែក្រោយពីការបង្កើតម៉ាកសម្គាល់ភូមិសាស្ត្រនេះហើយវានិងជួយបង្កើនជំនឿទុកចិត្តដល់អតិថជនចង់មកទិញបង្កងតាកែវឬចង់មកខេត្តតាកែវ។អត្ថប្រយោជន៍នេះតាមរយៈការបង្កើតសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវនៅថ្ងៃនេះគឺជាព្រិត្តិការណ៍មួយដ៏សំខាន់របស់ខេត្តតាកែវ។ បង្កងតាកែវនឹងក្លាយជាម៉ាកមួយដែលល្បីដូចទៅនិងក្រូចថ្លុងកោះទ្រង់ដែលគេស្គាល់ជាទូទៅអីចឹងនិងក្លាយជាគោលដៅទេសចរណ៍និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ»។
លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជមានប្រសាសន៍ថាកម្មសិទ្ធបញ្ញាមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ទៅលើវិស័យជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែមានសារសំខាន់ខ្លំាងផងដែរក្នុងការលើកកម្ពស់ផលិតផលកម្ពុជាតាមរយៈការកសាងកេរ្តិ៍ឈ្មោះម៉ាក ការកែច្នៃ ការវេចខ្ចប់ ការធ្វើទីផ្សារ ការគ្រប់គ្រងនិងការទប់ស្កាត់ពីការក្លែងបន្លំ ដោយក្នុងនោះក្រសួងពាណិជ្ជកម្មបង្កងតាកែវជាផលិតផលសក្តានុពលសម្រាប់ចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង គុណភាពបង្កងរបស់កម្ពុជានៅលើទីផ្សារជាតិនិងអន្តរជាតិនិងសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណនៃប្រភពដើមផលិតកម្ម បំពាក់លើផលិតផលបានដាក់លក់លើទីផ្សារ។
លោកជំទាវសង្កត់ធ្ងន់ថា «ការណ៍នេះមិនត្រឹមតែផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់និងទីផ្សារប៉ុណ្ណោះទេបង្កងតាកែវនៅខាងក្រៅប្រទេសនោះទេប៉ុន្តែ ម៉ាកនេះនឹងក្លាយជាកម្លំាងស្នូលទាញទេសចរបរទេសឱ្យមកធ្វើទស្សនៈកិច្ចនៅក្នុងតំបន់ផលិតកម្មដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬយុវជនអាចបង្កើនប្រភពចំណូលបន្ថែមក្នុងការរៀបចំកញ្ចប់សេវាអេកូទេសចរណ៍ជូនដល់ភ្ញៀវដែលមកកម្សាន្តនៅក្នុងតំបន់របស់សហគមន៍»៕ អត្ថបទ៖សារេត