នៅអំឡុងខែមេសានេះតម្លៃស្វាយចន្ទីហាក់ចាប់ផ្ដើមធ្លាក់ចុះថ្លៃម្តងៗ ដែលជាហេតុធ្វើឱ្យប្រជាកសិករមានការព្រួយបារម្ភនិងបង្ករជាបញ្ហាប្រឈម។ ទាក់ទិននឹងបញ្ហាធ្លាក់ថ្លៃស្វាយចន្ទីនេះ អ្នកជំនាញបានបង្ហាញនូវហេតុផលដើម្បីរក្សាទុកស្វាយចន្ទីឲ្យដល់រដូវកាលឡើងថ្លៃវិញ។
លោក អូន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា នៅដើមខែមេសាឆ្នាំ២០២៣នេះ តម្លៃគ្រាប់ស្វាយចន្ទីចាប់ផ្ដើមធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ដែលតម្រូវឱ្យប្រជាកសិករ មានលទ្ធភាពគួររក្សាទុកបណ្តោះអាសន្នសិន ដើម្បីរង់ចាំដល់ពេលតម្លៃហក់ឡើងខ្ពស់វិញចាំលក់ចេញ ។
ថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ នៅរសៀលថ្ងៃអង្គារ ទី២៥ នេះ លោក ស៊ីឡុត បានគូសបញ្ជាក់ថា «ប្រសិនយើងចេះពីបច្ចេកទេសថែរក្សាគ្រាប់ស្វាយចន្ទីនោះ យើងអាចទុកបានយូររហូតដល់ខែ១១ មិនខូចគុណភាព និងត្រូវតាមស្ដង់ដាក្នុងការលក់ចេញ»។
បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបានបង្ហាញវិធីសាស្រ្ត ៥ចំណុចដើម្បីរក្សាគ្រាប់ស្វាយចន្ទីឱ្យល្អនិងគុណភាព រួមមាន៖ ១.ពេលបេះត្រូវបេះឱ្យដាច់ កុំឱ្យជាប់សាច់ផ្លែ, ២. ត្រូវយកដាក់ចូលក្នុងធុងទឹក ស្រង់យកគ្រាប់អណ្ដែតចេញលាងឱ្យអស់ដី, ៣. ហាល៣ថ្ងៃ ឬវាស់សំណើមចន្លោះ៧ទៅ៩, ៤. ច្រកបាវក្រចៅ ឬបេធម្មតាតែចោះប្រហោងឱ្យបានច្រើន, ៥. រក្សាទុកកន្លែងស្ងួត មានខ្យល់ចេញចូល។ លោកថា ធ្វើបែបនេះអាចទុកបានយូរដល់ខែកញ្ញាឬខែវិច្ឆិកា ប៉ុន្តែត្រូវតែឧស្សាហ៍ធ្វើតេស្តបាវថាតើមានផ្សិតដែរឬទេ ។
បន្ថែមទៀតនោះលោក អូន សំឡុត ក៏បានណែនាំដល់កសិករមិនគួរបេះស្វាយចន្ទីនៅលើដើមនោះទេ រងចាំទុំជ្រុះ ទើបប្រមូលផល ព្រោះការធ្វើបែបនេះទើបគ្រាប់ស្វាយចន្ធីមានគុណភាពល្អនិងមានរសជាតិឆ្ញាញ់។
បើតាមអ្នកជំនាញដដែលរូបនេះ តម្លៃលក់ស្វាយចន្ធតាំងពីដើមខែមករា រហូតដល់ខែមេសានេះ ដោយនៅក្នុងអំឡុងដើមខែមករា ដល់ពាក់កណ្ដាលខែកុម្ភៈ ផ្លែ សើមអាចលក់បានក្នុងតម្លៃ ៦២០០រៀល ហើយនៅពាក់កណ្ដាលខែកុម្ភៈ ដល់ពាក់កណ្ដាលខែមីនា គ្រាប់ស្វាយចន្ទីសើម អាចលក់បានចន្លោះពី ៥០០០រៀល ទៅ៦០០០រៀល រីឯដើមខែមេសា ចាប់ផ្ដើមចុះថ្លៃខ្លាំងក៏ព្រោះមានភ្លៀងធ្លាក់ធ្វើឱ្យខូចគុណភាពគ្រាប់ស្វាយចន្ទី។
ឆ្លើយតបការប្រឈមនឹងការធ្លាក់ថ្លៃនេះដែល ប្រធានសមាគមស្វាយចន្ទី គូសបញ្ជាក់បន្ថែមទៀតថា«កសិករមិនគួរទុកគ្រាប់ស្វាយចន្ទីឱ្យលើសពី១១ខែនោះទេ ព្រោះវាអាចធ្វើឱ្យប្រេងដែលនៅសំបរហូរទៅសាច់ ដែលអាចបណ្ដាលឱ្យពុលនៅពេលដែលបរិភោគ ម្យ៉ាងទៀតធ្វើឱ្យគ្រាប់របស់វាក្រហម មិនត្រូវតាមស្ដង់ដាក្នុងការនាំចេញ»។
សូមជម្រាបជូនថា រយៈពេល៣ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ចំនួន ៣២០លានដុល្លារ ថយចុះ ១២.៩៥% ដែលស្មើនឹង 233,050 តោន ។ហើយកាលពីឆ្នាំ២០២២កន្លងទៅ ការនាំចេញស្វាយចន្ទីអាចរកចំណូលចូលសេដ្ឋកិច្ចជាតិចំនួន ១,០៧៧លានដុល្លារ ៕