លោក គួច ចំរើន ឆ្លៀតចូលសួរសុខទុក្ខឧកញ៉ា១រូប ដែលធ្លាប់មានអនុស្សាវរីយ៍ល្អជាមួយគ្នា

ជុំវិញ​ឧកញ៉ា

កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ​​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​​​​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត​ត្បូងឃ្មុំ ​​និង​បាន​ឆ្លៀត​ពេល​ចូល​សួរ​សុខទុក្ខ​លោក​​ឧកញ៉ា គុយ សួ នៅ​ក្រុង​សួង ​​ខណៈ​ដែល​ពេល​នេះ​​អ្នក​ជំនួញ​ជើង​ចាស់​រូប​នេះ​ ​កំពុង​មាន​បញ្ហា​សុខភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គួច ចំរើន ​​បាន​លើក​ឡើង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថា៖ “ល្ងាចមិញ​ បាន​ឆ្លងកាត់ខេត្តត្បូងឃ្មុំ​ ឆ្លៀតចូលសួរសុខទុក្ខ​ លោកឧកញ៉ា​ គុយ​ សួ​ នៅសួង​ ដែលកាលខ្ញុំ​មកធ្វើ​អភិបាល​ខេត្ត​កំពង់ចាម​ គាត់ជាឧកញ៉ា​​ដំបូងគេ​ ដែលមកជូនពរខ្ញុំ​ តែ​ពេលនេះ​គាត់មានបញ្ហាសុខភាព។ ជូនពរឧកញ៉ា​ អាយុ​យឺនយូរ”។

សូម​ជម្រាប​ថា លោក គួច ចំរើន អតីត​អភិបាលរងខណ្ឌចំការមន, អភិបាលខណ្ឌមានជ័យ, អភិបាលខណ្ឌ​ដូនពេញ និងអតីត​អគ្គនាយករង​រដ្ឋបាល​នៃក្រសួងមហាផ្ទៃ ​​​​បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពង់ចាម ​​​កាល​ឆ្នាំ២០១៧ ​​ដល់​ឆ្នាំ២០១៩ ​​មុន​នឹង​លោក​​ទទួល​បាន​ការ​តែងតាំង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ និង​ទើប​ត្រូវ​បាន​​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងអភិបាល​នៃគណៈអភិបាលខេត្ត​​ព្រះសីហនុ សម្រាប់អាណត្តិ​ទី២ ក្នុង​ដែន​សមត្ថកិច្ចរបស់ខ្លួន​ដដែល កាល​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣៕