ថ្មីៗនេះ ក្រុមហ៊ុន SCG Packaging Plc (SCGP) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានប្រកាសថា ខ្លួនគ្រោងទិញយកភាគហ៊ុនចំនួន ៧០% នៅក្នុងក្រុមហ៊ុន Starprint Vietnam JSC (SPV) ក្នុងតម្លៃប្រមាណ ១,៥៣ពាន់លានបាត (៤៤,៥លានដុល្លារ) ដើម្បីពង្រីកអាជីវកម្មខ្លួនបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម ។
បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ការទិញយកភាគហ៊ុននេះ ត្រូវបានគេរំពឹងទុកថានឹងបញ្ចប់ទៅ នៅក្នុងត្រីមាសទី ៣ ក្នុងឆ្នាំនេះ ខណ:វានឹងជួយឱ្យក្រុមហ៊ុន SCGP ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត រួមបញ្ចូលទាំងការលក់ផលិតផល ដូចជាប្រអប់ក្រដាស ប្រអប់រឹង និងប្រអប់វេចខ្ចប់ផលិតផលប្រណីត ផងដែរ ។
លោក Wichan Jitpukdee នាយកប្រតិបត្តិក្រុមហ៊ុន SCGP បាននិយាយប្រាប់ឱ្យដឹងទៀតថា ក្រុមហ៊ុនរបស់លោក នឹងបន្តពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងទីផ្សារជាច្រើន ដែលមានឱកាសអាជីវកម្មអំណោយផល ខណ:វៀតណាម ត្រូវបានចាត់ទុកថាជាទីផ្សារដ៏មានសក្តានុពលខ្ពស់បំផុតមួយ ជាមួយនឹងការកើនឡើងតម្រូវការផលិតផលវេចខ្ចប់ខ្ពស់ ។
ជម្រាបជូនផងដែរថា SCGP ត្រូវបានគេរំពឹងថា នឹងមានការចំណាយថវិការវិនិយោគប្រហែល ១៨ពាន់លានបាត (៥២៤លានដុល្លារ) នៅក្នុងឆ្នាំ ២០២៣ នេះ ដោយក្នុងនោះ ៥០% នឹងត្រូវបែងចែកទៅកាន់គម្រោងរួមបញ្ចូលគ្នា និងភាពជាដៃគូ ខណ:ចំនួនសេសសល់ នឹងត្រូវគាំទ្រដល់គម្រោងអាជីវកម្ម និងថែទាំ ៕