រុស្ស៊ីបន្ទោសលោកខាងលិចជាមេនាំរឿង ធ្វើឲ្យកិច្ចព្រមព្រៀងធញ្ញជាតិតាមសមុទ្រខ្មៅជាប់គាំង

អន្តរជាតិ

កិច្ចព្រមព្រៀងចំពោះការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ​តាមច្រកសមុទ្រខ្មៅ គឺកំពុងជាប់គាំង ហើយរុស្ស៊ីបាន​ទម្លាក់កំហុសនេះទៅលើលោកខាងលិចទាំងស្រុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov និយាយថា លោកខាងលិចជាអ្នកនាំរឿង ដ្បិតខាងរុស្ស៊ី​ធ្លាប់ដាក់​សំណើ​មួយចំនួន ទើបយល់ព្រមបន្តបើកច្រកសមុទ្រខ្មៅតទៅ ដ្បិតកុងត្រាសព្វថ្ងៃនឹង​ផុតនៅថ្ងៃទី ១៨ ឧសភា។

គួររំលឹកដែរថា រុស្ស៊ីបានចុះកុងត្រារយៈពេល ៣ឆ្នាំកាលពីខែកក្កដាកន្លងទៅ ដោយអង្គការសហប្រជាជាតិ យល់ព្រមជួយ និងលុបបំបាត់​ឧបសគ្គ​ទាំងអស់ ដែលរារាំង​រុស្ស៊ី​ក្នុងការ​នាំចេញ​គ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន។

បើទោះជាទំនិញនាំចេញទាំងនោះ មិនស្ថិតក្រោមគំនាបទណ្ឌកម្មសេដ្ឋកិច្ចពី​លោកខាងលិច ប៉ុន្តែរដ្ឋាភិបាល​រុស្ស៊ី​អះអាងថា ការរឹតបន្តឹងលើ​ការទូទាត់ ការដឹកជញ្ជូន និងការធានារ៉ាប់រង គឺជាឧបសគ្គចំពោះការដឹកជញ្ជូនទំនិញទាំងនោះ។

គួរជម្រាបដែរថា គ្រាប់ធញ្ញជាតិជិត ២៩លានតោន ត្រូវបាននាំចេញតាមច្រកសមុទ្រខ្មៅ ខណៈ ៦,៧លានតោន​ត្រូវនាំចេញទៅកាន់ប្រទេសចិន៕