ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិករយៈពេល ៦ថ្ងៃ ហើយក្រៅពីជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន ថ្នាក់ដឹកនាំកូរ៉េខាងត្បូងក៏បានជួបពិភាក្សាជាមួយមហាសេដ្ឋីអាមេរិក Elon Musk ផងដែរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Yonhap បានឲ្យដឹងថា លោក Yoon និងមេធំ Tesla បានជួបគ្នានៅទីក្រុង Washington ដោយជជែកពីលទ្ធភាពវិនិយោគនៅកូរ៉េខាងត្បូង និងលើកសរសើរកូរ៉េខាងត្បូងថា ជាប្រទេសដ៏ល្អសម្រាប់ក្រុមហ៊ុន Tesla ក្នុងការសាងសង់រោងចក្រដ៏ធំសម្បើម ដោយលើកឡើងពីមនុស្សយន្តឧស្សាហកម្មដ៏ទំនើប និងបុគ្គលិកដែលមានជំនាញខ្ពស់នៅទីនោះ។
បន្ថែមពីនោះ ប្រធានាធិបតីកូរ៉េខាងត្បូងថែមទាំងដាក់សំណើទៅកាន់ Elon Musk ថា នឹងផ្ដល់ជំនួយគ្រប់បែបយ៉ាង រាប់បញ្ចូលទាំងអត្ថប្រយោជន៍ពន្ធ ដើម្បីទាក់ទាញក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សមួយនេះ។
ដោយឡែក Elon Musk ក៏បានឆ្លើយតបវិញថា កូរ៉េខាងត្បូងនៅតែជាបេក្ខភាពជួរមុខ សម្រាប់គម្រោងសាងសង់រោងចក្រខ្នាតយក្សរបស់ Tesla ហើយលោកនឹងឆ្លៀតពេលធ្វើទស្សនកិច្ចទៅកាន់មហាអំណាចសេដ្ឋកិច្ចនៅអាស៊ីមួយនេះ។
គួររំលឹកដែរថា មួយរយៈកាលចុងក្រោយ Tesla ព្យាយាមពង្រីកខ្លួនកាន់តែធំតាមដែលអាចធ្វើទៅបាន តួយ៉ាងទើបនឹងប្រកាសថ្មីថ្មោងចំពោះគម្រោងសាងសង់រោងចក្រនៅម៉ិកស៊ិក ខណៈកាណាដា និងឥណ្ឌូណេស៊ី ត្រូវបានចាត់ទុកថាជាគោលដៅបន្ទាប់ ក្នុងការសាងសង់រោងចក្រផលិតរថយន្តរបស់ Tesla៕