ចក្រភពអង់គ្លេសគ្រោង នឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលគ្រោងនឹងអនុវត្តនៅខែមេសា ឆ្នាំ២០២៣។ ភាពខុសគ្នារវាងប្រព័ន្ធ GSP និង DCTS នេះនឹងផ្តោតសំខាន់ទៅលើច្បាប់នៃប្រភពដើម។នេះបើយោងតាមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។
ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលថ្ងៃទី២៦ខែមេសា លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បញ្ជាក់ថា«ទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ ក៏ចក្រភពអង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme) ហៅកាត់ DCTS។ តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធឡើយ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជាមាន រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម»។
មិនតែប៉ុណ្ណោះ កម្ពុជា និងចក្រភពអង់គ្លេសគ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា នាពេលខាងមុខ ដើម្បីជម្រុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំងពីរ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គូសបញ្ជាកថា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេស បានបន្តកើនឡើងជាប់ជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ កន្លងទៅទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនដល់ជាង ៩៧៧ លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២៣.៩% ធៀបនឹងឆ្នាំ២០២១ ហើយទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសគឺ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជា គឺរថយន្ត និងកាកសំណល់ឧស្សាហកម្មសម្រាប់ផលិតចំណីសត្វ៕
អត្ថបទ៖សារេត