អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ( Fairfield by Marriott Phnom Penh) បានត្រៀមខ្លួនរួចជាស្រេចនូវការបដិសណ្ឋារកិច្ចដ៏ល្អ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។
អ្នកឧកញ៉ា សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប មានអនុសាសន៍ក្នុងថ្ងៃសម្ពោធសណ្ឋាគារដ៏ប្រណិតនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖ “ខ្ញុំបាទជឿជាក់យ៉ាងមុតមាំថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកាន់ទឹកដីកម្ពុជា ជាពិសេសត្រៀមខ្លួនរួចជាស្រេចនូវការបដិសណ្ឋារកិច្ចដ៏ល្អ សម្រាប់ភ្ញៀវទេសចរណ៍ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នាពេលខាងមុខនេះ ដែលជាប្រយោជន៍ដ៏សំខាន់ ដល់ការបង្កើតនិរន្តរភាពវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលជាសសរស្តុមដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ឃុន ជឿថាវត្តមានរបស់សណ្ឋាគារដ៏ប្រណិតនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កើតការងារ និងគាំទ្រដល់អាជីវកម្មជុំវិញតំបន់នេះផងដែរ។
សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ដែលស្ថិតនៅអគារ ជីប ម៉ុង ថៅវើ កម្ពស់ ៤៥ ជាន់ បានបើកសម្ពោធជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី ព្រមទាំងពីសំណាក់ ឯកឧត្តម លោកជំទាវ ឯកអង្គរដ្ឋទូត និងឯកអង្គរាជទូត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយស សរុបជាង ៧០០នាក់ ទៀត។
សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ មាន ៣០០ បន្ទប់គេង អាងទឹកលើអាកាស សាលប្រជុំដ៏ប្រណីត ភោជនីយដ្ឋាន ស្កាយបារដ៏ទំនើប ដែលគ្របដណ្ដប់ ១៩ ជាន់ខាងលើនៃ អគារ ជីប ម៉ុង ថៅវើ មានកម្ពស់ ៤៥ ជាន់ ដែលជាអគារពាណិជ្ជកម្មចម្រុះស្ដង់ដារអន្តរជាតិ ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំកណ្តាលរាជធានីតែម្តង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ឆ្នាំ និងបានត្រៀមខ្លួនរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា អស់រយៈពេល៥ឆ្នាំមកហើយនោះ នឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ខណៈដែលវិញ្ញាសារកីឡាបាល់ទាត់បុរស នឹងចាប់ផ្តើមការប្រកួតមុនគេ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ចុងសប្តាហ៍នេះតទៅ នៅពហុកីឡដ្ឋានអូឡាំពិក។ ចំណែកឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕